(ភ្នំពេញ)៖ លោក សួង សុភ័ណ្ឌ អតីតបេក្ខជនតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិមណ្ឌលខេត្តប៉ៃលិន នឹងរៀបចំសន្និសីទកាសែតមួយ នៅព្រឹកស្អែកនេះ ដើម្បីបញ្ជាក់ជំហរអំពីការចូលរួមជាមួយគណបក្សមួយទៀត បន្ទាប់ពីលោកលាលែងពីតំណែងនៅក្នុងគណបក្សសង្រ្គោះជាតិ មួយរយៈ។ នេះបើតាមសេចក្តីប្រកាសរបស់ លោក សួង សុភ័ណ្ឌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅព្រឹកមិញ។
លោក សួង សុភ័ណ្ឌ បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសរបស់ខ្លួនថា «បន្ទាប់ពីខ្ញុំប្រកាសលាលែងពីគណបក្សសង្រ្គោះជាតិអស់មួយរយៈ កន្លងមក ខ្ញុំ សួង សុភ័ណ្ឌ នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសពីគោលជំហរនយោបាយ និងការសម្រេចចិត្តចូលរួមជាមួយគណបក្សនយោបាយមួយ ដែលខ្ញុំយល់ថា គណបក្សមួយនោះ ធ្វើនយោបាយដើម្បីបម្រើខ្មែរ ក្នុងនាមជាខ្ញុំបម្រើ ជនរួមជាតិកំណើត និងប្រតេសជាតិកំណើតរបស់យើង»។
លោក សួង សុភ័ណ្ឌ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា លោកនឹងចូលរួមនយោបាយជាមួយគណបក្សអំណាចខ្មែររបស់ លោក សួន សេរីរដ្ឋា។
សន្និសីទរបស់ លោក សួង សុភ័ណ្ឌ នឹងធ្វើឡើងនៅស្ពានកោះពេជ្រ វេលាម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា នាពេលដែលចាកចេញពីគណបក្សសង្រ្គោះជាតិ កន្លងមកនេះ លោក សួង សុភ័ណ្ឌ ក៏បានធ្វើសន្និសីទកាសែត វាយប្រហារធ្ងន់ៗ និងខ្លាំងៗចំពោះលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។ លោក សួង សុភ័ណ្ឌ បានចោទប្រកាន់ចំៗថា លោក កឹម សុខា មនុស្សបម្រើការងារឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនសាកសមជាប្រធានគណបក្សសង្គ្រោះជាតិនោះទេ ត្រូវតែចុះចេញពីតំណែង៕