(ភ្នំពេញ)៖ បន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គមមួយចំនួនបានចុះផ្សាយអំពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរមុខងារ ប៉ុន្តែនៅព្រឹកថ្ងៃទី០៧ ខែសីហានេះឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមបដិសេធថា ពេលវេលានេះ មិនទាន់មាន លិខិតបទដ្ឋាន គតិយុត្តដូចជា ប្រកាស ឬសេចក្តីសម្រេចចិត្តណាមួយពាក់ព័ន្ធ នឹងការតែងតាំងផ្លាស់ប្តូរមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅឡើយទេ។
អ្នកនាំពាក្យបានថ្លែងសរសេរខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ មានសារព័ត៌មាន និងបណ្តាញព័ត៌មានសង្គមមួយចំនួនបានចុះផ្សាយអំពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តមួយចំនួនត្រូវបានផ្លាស់ប្តូរមុខងារ។ ខ្ញុំបាទសូមជម្រាបជូនថា នៅម៉ោងនេះ ពេលវេលានេះមិនទាន់មានលិខិត បទដ្ឋានគតិយុត្តដូចជា ប្រកាស ឬសេចក្តីសម្រេច ចិត្តណាមួយពាក់ព័ន្ធនឹងការតែងតាំងផ្លាស់ប្តូរមុខងារមេបញ្ជាការកងរាជអាវុធហត្ថខេត្តនៅឡើយទេ នៅពេលទទួលបាន ខ្ញុំបាទនឹងផ្សព្វផ្សាយ ព័ត៌មានជូន សាធារណជនជ្រាបភ្លាម។ សូមសាធារណជនជ្រាបជាព័ត៌មាន និងទទួលការគោរពស្រលាញ់ពីខ្ញុំបាទ»។
ការចេញមកបដិសេធពីសំណាក់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយសារមានសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថា កងរាជអាវុធហត្ថគ្រោងនឹង ផ្ទេរភារកិច្ច និងតំលើងឋានន្តរស័ក្តដល់ថ្នាក់ មេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថនៅតាមខេត្តទូទាំងប្រទេសចំនួន៥។
១៖ លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ ផ្ទេរពីមេបញ្ជារការអាវុធហត្ថខេត្តបាត់ដំបង មកជាមេបញ្ជារការរងលើផ្ទៃប្រទេស ។
២៖ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ផ្ទេរពីមេបញ្ជាការ អាវុធហត្ថ ខេត្តកំពង់ ឆ្នាំង ទៅកាន់មេបញ្ជាការកងររាជអាវុធហត្ថ ខេត្តបាត់ដំបង ។
៣៖ លោកឧត្តមសេនីយ៍ត្រី សាក់ សារាំង ផ្ទេរពីមេបញ្ជាការអាវុធហត្ថ ខេត្តមណ្ឌលគីរី មកជាមេបញ្ជាការ អាវុធហត្ថខេត្តកំពង់ឆ្នាំង ។
៤៖ លោក វរៈសេនីឯក ជួន កឹមសាន្ត អតីតមេបញ្ជាការរងអាវុធហត្ថខេត្តព្រៃវែង តំលើងជាមេបញ្ជាការខេត្តព្រៃវែង ។
៥៖ លោកវរសេនីយ៍ឯក បោ បិន អតីតមេបញ្ជាការរងខេត្ត ត្រូវបានតំលើងជាមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ។
៦៖ លោកឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង ត្រូវបានផ្ទេរមកជានាយរងសេនាធិការ កងរាជអាវុធហត្ថផ្ទៃប្រទេស ។
៧៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ផ្ទេរមកជានាយរងសេនា កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
* ប៉ុន្តែនៅពេលនេះត្រូវបានអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញមកបដិសេធមិនមានព័ត៌មានបែបនេះទេ៕