(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងស្វាគមន៍ ចំពោះផែនការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគ្រោងនឹងចុះដោយផ្ទាល់ទៅរោងចក្រ ដើម្បីពិនិត្យមើលទៅលើស្ថានភាពការងារ និង ស្ថានភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ GMAC ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី៧ ខែសីហានេះ។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរង GMAC បានអបអរសាទរចំពោះផែនការរបស់សម្តេចតេជោ។ លោកថា ផែនការធ្វើទស្សនកិច្ចនេះ គឺជាការមានទំនាក់ទំនងដោយផ្ទាល់ និងការយកចិត្តទុកដាក់បន្ថែមទៀត ពីសំណាក់ប្រមុខថ្នាក់ដឹកនាំរបស់កម្ពុជា ចំពោះបងប្អូនកម្មករ កម្មការិនី។
លោក កាំង ម៉ូនីកា បានលើកឡើងថា «ខ្ញុំយល់ឃើញថា ផែនការរបស់សម្តេចក្នុងការជួបសំណេះសំណាលនិង ចុះដោយផ្ទាល់របស់សម្តេច គឺជារឿងមួយដ៏ល្អ។ កាយវិការនេះ គឺបង្ហាញពីការយកចិត្តទុកដាក់បន្ថែម ពីថ្នាក់ដឹកនាំចំពោះបងប្អូនកម្មករកម្មការិនី ហើយវាពិតជាមានសារៈសំខាន់ណាស់ ដែលសម្តេច និងបានយល់ច្បាស់អំពីស្ថានភាពរបស់បងប្អូនកម្មករ កម្មការិនីរបស់យើង ទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនកម្មករកម្មការិនី និង អំពីស្ថានភាពរបស់រោងចក្រនានា ដើម្បីបានជាព័ត៌មានពិតបន្ថែមទៀត សំរាប់ការធ្វើឱ្យកាន់តែប្រសើរឡើង ចំពោះវិស័យដ៏សំខាន់របស់យើង»។
សមាគមក៏សង្ឃឹងផងដែរ ពីឱកាសនៃការសន្ទនាដោយផ្ទាល់ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងក្រុមថៅកែម្ចាស់រោងចក្រ ដើម្បីស្វែងយល់បន្ថែមទៀត ពីបញ្ហាប្រឈមនៅក្នុងការ វិនិយោគរបស់ពួកគេ ធ្វើយ៉ាងណាធានាឲ្យបាននូវនិរន្តរភាព នៃវិស័យរបស់យើង។
យោងតាមទិន្នន័យពី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បច្ចុប្បន្នសមាគមនេះ សមាជិកចំនួន ៥១២ ដោយក្នុងចំណោម ៥៩ក្នុងវិស័យស្បែកជើង ហើយវិស័យនេះបានស្រូបយកការងារជាង៧០ម៉ឺននាក់ ៕