(ត្បូងឃ្មុំ)៖ ថ្ងៃទី៦ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មាន​បងប្អូនប្រជាពលរដ្ឋជិត២៥០នាក់ ចូលរួមបរិច្ចាគនៅផ្សារថ្នល់ទទឹង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីម្សិលមិញ (ថ្ងៃទី​៥) មានប្រជាពលរដ្ឋជិត២០០នាក់ បានចូលរួមបរិច្ចាគ។

លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា នេះជារឿងសប្បុរសធម៌ យុទ្ធនាការថ្ងៃទី៤ ការចូលរួមរបស់បងប្អូនគឺជាការបង្ហាញនូវទឹកចិត្ត គោរព ស្រលាញ់ លោកបណ្ឌិតកែម ឡី ដែលជាបណ្ឌិតដ៏កម្ររកបាននៅក្នុងប្រទេសកម្ពុជាយើង។ បើទោះបីយុទ្ធនាការ រៃអង្គាសថវិកានេះត្រូវទទួលជួបនូវ ឧបសគ្គអ្វីក៏ដោយ ក៏លោករួមជាមួយ ក្រុមការងារ មិនរាថយឡើយ ពោលគឺលោកនឹងសម្រេចការងារនេះឲ្យខាងតែបាន ដើម្បីកុំឲ្យអ្នកនយោបាយខ្លះ និងមនុស្សមួយចំនួ​ន ដែលចោទថា​ជារឿងនយោបាយ​ មើលស្រាលនោះទេ។​

លោក ពេជ្រ ស្រស់ បានឲ្យដឹងថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា ការរៃអង្គាសថវិកានេះ គឺលោកផ្តើមចេញពីក្រុមការងារបក្ស និងអ្នកគាំទ្រ រហូតដល់បងប្អូនពលរដ្ឋធម្មតា ហើយយុទ្ធនាការ រៃអង្គាសថវិកា ដើម្បីចូលរួមសាងសង់ចេតិយ ជូនលោកបណ្ឌិត កែម ឡី នាពេលនេះមិនពាក់ព័ន្ធរឿងនយោបាយនោះឡើយ ដោយសប្បុរសជននានាអាចចូលរួមបាន ដោយមិនប្រកាន់និន្នាការ។ ប្រធានគណបក្សយុវជនកម្ពុជា ក៏បានអំពាវនាវផងដែរ ឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រ និងចូលរួមជាថវិកា ដើម្បីសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ឲ្យបានគ្រប់ៗគ្នា៕