(តូក្យូ-ជប៉ុន)៖ បន្ទាប់ពីបញ្ចប់ជំនួបសំណេះសំណាលជាមួយនិស្សិតខ្មែរនៅប្រទេសជប៉ុនហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអនុញ្ញាតឲ្យកីឡាករបាល់ទាត់ដ៏ឆ្នើម និងល្បាញល្បីរបស់កម្ពុជា គឺកីឡាករ ចាន់ វឌ្ឍនាការ ចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុជាមួយសម្តេចនៅទីក្រុងតូក្យូផងដែរ។
ការអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះចូលជួបសម្តែងការគួរសម និងទទួលទានអាហាររួមតុនេះ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកីឡាករកម្ពុជា ដែលកំពុងលេងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយក្នុងប្រទេសជប៉ុន។
កីឡាករ ចាន់ វឌ្ឍនាការ បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលទទួលបានឱកាសចូលជួបសម្តែងការគួរសម និងទទួលទានអាហារជាមួយសម្តេចតេជោ ហ៊ុន សែន។ ក៏ឡាករខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជារូបនេះ បានចាត់ទុកកាយវិការរបស់សម្តេចថា ជាកាយវិការដ៏ឧត្តុង្គឧត្តមរបស់មេដឹកនាំកម្ពុជា ចំពោះកីឡាករកម្ពុជា ហើយក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ទៅលើវិស័យកីឡារបស់កម្ពុជា។
សូមរំលឹកថា បច្ចុប្បន្ន ចាន់ វឌ្ឍនាការ កំពុងលេងក្នុងក្របខណ្ឌខ្ចីជើងនៅក្លឹបបាល់ទាត់ដ៏ល្បីមួយរបស់ប្រទេសជប៉ុនឈ្មោះ ហ៊្វូជី អ៉ីដា។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅម៉ោង ៦ល្ងាចម៉ោងនៅប្រទេសជប៉ុន ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ថ្ងៃ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ។ គ្រាន់តែទៅដល់ប្រទេសជប៉ុនភ្លាម សម្តេចតេជោ បានស្កាត់ទៅជួបសំណេះសំណាលជាមួយនិស្សិតខ្មែរភ្លាមៗផងដែរ៕