(ភ្នំពេញ)៖ ល្បង សុន ឆ័យ ពិតជាមានជំងឺតួឯកពេកហើយ! ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិនៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៧ សុន ឆ័យ បានលើកឡើងថា នៅសប្តាហ៍ក្រោយនេះ ក្រុមអ្នកច្បាប់គណបក្សនឹងពិនិត្យមើលសេចក្តីព្រាងសំណើធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីបើកផ្លូវឲ្យពលករចំណាកស្រុកនៅក្រៅប្រទេស អាចចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនៅក្រៅប្រទេសបាន។
សុន ឆ័យ បានទាំងស្តីបន្ទោសទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថា ខ្វះការទទួលខុសត្រូវក្នុងការបង្កើតយន្តការ សម្រាប់ពលករចុះឈ្មោះបោះឆ្នោតនេះ។ ការលើកឡើងរបស់ល្បង សុន ឆ័យ ហាក់ដូចជាធ្វើជាភ្លេចនូវអ្វីដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានឯកភាពគ្នាក្នុងការចរចាកាលពីឆ្នាំ២០១៤ ហើយក៏កាន់តែភ្លេចថែមទៀត ដែលបក្សទាំងពីរបានលើកឡើងរួមគ្នាក្នុងសិក្ខាសាលា និងព្រមទាំងក្នុងកិច្ចប្រជុំសភាផងនោះ។
អ្វីដែលល្បង សុន ឆ័យ និងបក្សសង្គ្រោះជាតិ គ្រោងនឹងស្នើគឺជាសំណើមិនស្មោះត្រង់ ហើយក៏គ្រាន់តែដើម្បីធ្វើប្រជាភិថុតិនយោបាយប៉ុណ្ណោះ ដោយព្យាយាមបង្ហាញថា ខ្លួនគឺតួអង្គអ្នកសង្គ្រោះ និងជាអ្នកដែលគិតគូរពីប្រយោជន៍ពលរដ្ឋចំណាកស្រុកជាងនរណាៗទាំងអស់ បើទោះបីជាដឹងថាជាសំណើនេះមិនអាចទៅរួចក៏ដោយ។ តើចំណុចណាខ្លះដែលថាសំណើរបស់បក្សប្រឆាំងជាសំណើមិនស្មោះត្រង់?
១៖ សិទ្ធិពលរដ្ឋខ្មែរក្នុងការបោះឆ្នោតដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមិនត្រូវបានប៉ះពាល់ទេ ដរាបណាប្រជាពលរដ្ឋបំពេញតាមលក្ខខណ្ឌច្បាប់។
២៖ ការចុះឈ្មោះ និងការបោះឆ្នោតរបស់ពលរដ្ឋខ្មែរចំណាកស្រុកនៅក្រៅប្រទេស ត្រូវបានលើកមកពិភាក្សាដោយគណបក្សទាំងពីរ នៅពេលរៀបចំច្បាប់បោះឆ្នោតថ្មី ហើយគណបក្សទាំងពីរបានឯកភាពគ្នាថា រឿងនេះធ្វើមិនទាន់បាន ហេតុដូច្នេះហើយ បានមិនចែងចូលក្នុងច្បាប់។
៣៖ ច្បាប់បោះឆ្នោតថ្មី រៀបចំដោយគណបក្សទាំងពីរ ការពារដោយគណបក្សទាំងពីរ ទាំងក្នុងពេលសិក្ខាសាលា ទាំងក្នុងពេលប្រជុំនៅរដ្ឋសភា ហើយត្រូវបានអនុម័តដោយឯកច្ឆ័ន្ទដោយគណបក្សទាំងពីរ នៅរដ្ឋសភា និងបន្ថែមគណបក្សមួយទៀតផងដែរនៅព្រឹទ្ធសភាគឺគណបក្ស សម រង្សុី។
៤៖ ជាលក្ខណៈបច្ចេកទេស ធ្វើមិនទាន់បាននេះដោយហេតុថា៖
- រចនាសម្ព័ន្ធ គ.ជ.ប គឺមាននៅតាម ឃុំសង្កាត់ ដោយមានមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ ជាគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ហើយយើងគ្មានមេឃុំចៅសង្កាត់នៅក្រៅប្រទេស ដើម្បីធ្វើកិច្ចការងារនេះទេ។
- ការបោះឆ្នោតនៅកម្ពុជាធ្វើឡើងដោយផ្ទាល់ពីប្រជាជនដែលមានសិទ្ធិបោះឆ្នោត គឺមានតែពីរទេ គឺជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងជ្រើសតាំងតំណាងរាស្រ្ត។ ការបោះឆ្នោតឃុំសង្កាត់ គឺបោះឆ្នោតដោយពលរដ្ឋខ្មែរ ដែលរស់នៅក្នុងឃុំសង្កាត់នោះតែម្តង ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺយករាជធានី និងខេត្ត ធ្វើជាមណ្ឌលបោះឆ្នោត មិនមែនយកប្រទេសទាំងមូល ធ្វើជាមណ្ឌលបោះឆ្នោតនោះទេ ហើយក៏មិនមែនជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនោះដែរ។ ដូច្នេះការបោះឆ្នោតនៅក្រៅប្រទេស គឺមិនទាន់អាចធ្វើបាននោះទេ។
- ការបោះឆ្នោតរបស់យើង គឺផ្អែកលើបញ្ជីបោះឆ្នោត ហើយការចុះឈ្មោះបោះឆ្នោត គឺធ្វើឡើងនៅឃុំសង្កាត់ដែលពលរដ្ឋខ្មែររស់នៅ។ ដូច្នេះសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋខ្មែរ ត្រូវបានទទួលស្គាល់សម្រាប់អ្នកដែលបានបំពេញលក្ខខណ្ឌច្បាប់គ្រប់គ្រាន់ និងមកចុះឈ្មោះនៅតាមឃុំសង្កាត់ ដែលខ្លួនរស់នៅ។ ច្បាប់បោះឆ្នោតកម្ពុជា ខុសពីច្បាប់អូស្រ្តាលី ដែលជាប្រទេសកំណើតទី២របស់ល្បង សុន ឆ័យ ដោយមិនដាក់ទោសទៅលើពលរដ្ឋខ្មែរ ដែលប្រើសិទ្ធិរបស់ខ្លួន មិនទៅចុះឈ្មោះបោះឆ្នោត និងមិនទៅបោះឆ្នោត។
- ការបោះឆ្នោត ធ្វើត្រឹមនៅស្រុកខ្មែរ ទោះសេរី ត្រឹមត្រូវ និងយុត្តិធម៌ កម្រិតណា ក៏បក្សប្រឆាំងនៅតែបង្កើតលេសទាមទារ ឡាំប៉ា និងចោទប្រកាន់ថា មិនត្រឹមត្រូវរហូតមក។ ជាក់ស្តែងការបោះឆ្នោតឃុំសង្កាត់កន្លងមក ទោះបីមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការទទួលស្គាល់ និងកោតសរសើរ ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក៏ដោយ ក៏បក្សប្រឆាំងនៅតែមិនពេញចិត្ត ចុះទំរាំការបោះឆ្នោតធ្វើនៅក្រៅប្រទេសទៀត តើបក្សប្រឆាំងឡាំប៉ាកម្រិតណាទៅ? ដូច្នេះ ជម្រើសក្នុងច្បាប់បោះឆ្នោតថ្មីដែលរៀបចំការពារ និងអនុម័តដោយគណបក្សទាំងពីរ គឺធ្វើតែក្នុងឱ្យបានល្អទៅ គឺគ្រប់គ្រាន់ហើយ។
៥៖ ច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់ គ.ជ.ប និងច្បាប់បោះឆ្នោតថ្មី ត្រូវបានរៀបចំ ការពារ និងអនុម័តរួមគ្នាដោយគណបក្សទាំងពីរ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត មិនទាន់បានធ្វើម្តងផង បក្សប្រឆាំងបានវៃប្រហារទៅលើ គ.ជ.ប និងចង់រុះរើច្បាប់បោះឆ្នោតទៅហើយ។ ប៉ុន្តែសំណើនេះ មិនទទួលបានជោគជ័យនោះទេ ហើយគណបក្សប្រជាជនកម្ពុជា នឹងការពារសមិទ្ធផលនៅក្នុងច្បាប់បោះឆ្នោតថ្មីនេះ។
៦៖ សំណើបក្សប្រឆាំង គឺជាសំណើមិនស្មោះត្រង់ ជាសំណើដែលមានកលល្បិចនយោបាយដ៏ខ្មៅកខ្វក់ ពោល គឺខ្លួនឯង ជាអ្នកឯកភាពដាក់បញ្ចូលក្នុងច្បាប់ ដោយមិនអនុញ្ញាតឱ្យអ្នកនៅក្រៅស្រុកបោះឆ្នោត ហើយខ្លួនឯង បែរជាតាំងខ្លួនថា ចង់ឱ្យមានការបោះឆ្នោតនៅក្រៅស្រុកវិញ។ ឱ្យតែចំណេញនយោបាយ ទោះបីក្រឡិចក្រឡុច បាតដៃខ្នងដៃយ៉ាងម៉េច ក៏បក្សប្រឆាំងមិនខ្វល់ដែរ សំខាន់បានធ្វើតួឯកព្រោះពួកខ្លួនមានជំងឺនេះជាយូរមកហើយ។
ដើម្បីធ្វើវិសោធនកម្មច្បាប់នេះបាន លុះត្រាតែមានការចូលរួមពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជន ដែលអ្នកផ្តួចផ្តើមឱ្យមានកំណែទម្រង់ការបោះឆ្នោតទាំងមូលនឹងបន្តការពារសមិទ្ធផល ដែលសម្រេចបាននេះ និងមិនអនុញ្ញាតឱ្យបក្សប្រឆាំងកកូរកកាយស្រេចតែអំពើចិត្ត និងតាមការនឹកឃើញរវើរវាយរបស់ខ្លួនឡើយ។ បក្សសង្គ្រោះជាតិ ក៏គួរចងចាំថា នៅក្នុង គ.ជ.ប ថ្មី ក៏មានតំណាងបក្សប្រឆាំងនៅក្នុងនោះដែរ ហើយក៏ត្រូវប្រយ័ត្នថា បើមិនគោរពសមិទ្ធផលក្នុងច្បាប់បោះឆ្នោតថ្មី ប្រយ័ត្នគណបក្សប្រជាជនកម្ពុជាធ្វើសំណើវិសោធនកម្មវិញ នោះបក្សប្រឆាំងនឹងទប់មិនជាប់ឡើយ ហើយបក្សប្រឆាំងប្រយ័ត្នខាតលើសដើម។ នេះហើយគេហៅថា ប្រជាធិបតេយ្យ គឺយកសំឡេងភាគច្រើនជាធំ។
ដូច្នេះបក្សប្រឆាំងគួរបញ្ឈប់នូវវប្បធម៌មួយដែលតែងតែបំភ្លៃ បំផ្លើសការពិត និងបកស្រាយក្នុងន័យដើម្បីគ្រាន់តែចំណេញនយោបាយសម្រាប់បក្សខ្លួន។ ជាមួយគ្មានេះ សូមអំពាវនាវឱ្យល្បង សុន ឆ័យ គោរពឆន្ទៈរបស់រាស្ត្រ ស្មារតី នៃការព្រមព្រៀងគ្នារវាងគណបក្សទាំងពីរក្នុងច្បាប់ និងត្រូវអនុវត្តច្បាប់នេះឱ្យបានត្រឹមត្រូវទាំងអស់គ្នាដោយមានស្ថាប័ន គ.ជ.ប ជាអាជ្ញាកណ្តាល។ ហើយក៏សូមអំពាវនាវដល់ គ.ជ.ប បន្តអនុវត្តតាមច្បាប់ដែលមាននេះឱ្យបានត្រឹមត្រូវ ព្រោះថាឆ្លងតាមបទពិសោធនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅនេះ គ.ជ.ប បានបំពេញការងារបានយ៉ាងល្អ ហើយត្រូវបានវាយតម្លៃថាសេរី ត្រឹមត្រូវ និងយុត្តិធម៌ពីសាធារណៈមតិជាតិ និងអន្តរជាតិដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត៕
ដោយ៖ ចៅចាក់ស្មុក