(តូក្យូ-ជប៉ុន)៖ ព្រោះតែស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ទៅលើនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន បើទោះបីធ្វើដំណើរលើយន្តហោះជាច្រើនម៉ោងយ៉ាងណាក្តី តែមិនបានគិតពីការនឿយហត់នោះឡើយ គ្រាន់តែយន្តហោះចុះចតនៅប្រទេសជប៉ុនភ្លាម ក៏បានបន្តដំណើរទៅជួបសំណេះសំណាល និងសុខទុក្ខនិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុនភ្លាមៗផងដែរ។

ក្នុងជំនួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាកំពុងសិក្សានៅប្រទេសជប៉ុនប្រមាណ ១០០នាក់នៅព្រលប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចនឹងបន្តពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន ដើម្បីបង្កើនថវិកាអាហារូបករណ៍ដល់និស្សិតកំពុងសិក្សានៅប្រទេសជប៉ុន សម្រាប់សម្រួលជីវភាព និងដោះស្រាយបញ្ហាដែលជួបប្រទះក្នុងពេលសិក្សា។

សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរនិស្សិតអាហារូបករណ៍កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការសិក្សារៀនសូត្រ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អក្នុងជួរនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ក៏ដូចជាទំនាក់ទំនងល្អជាមួយសាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងជាមួយបងប្អូនប្រជាពលរដ្ឋជប៉ុនផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតអាហារូបករណ៍ទាំងអស់ បន្តស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយនិងនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តប្រពៃណីមិត្តភាព កិច្ចសហប្រតិបត្តិការល្អទាំងក្នុងការសិក្សានាពេលបច្ចុប្បន្ននិងទៅអនាគត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើការដាស់តឿនដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពវិន័យនិងសេចក្តីថ្លែថ្នូរក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ការសិក្សា និងការស្នាក់នៅ និងមួយផ្នែកទៀត ត្រូវចូលរួមក្នុងការងារសង្គមឲ្យបានច្រើន និងទូលំទូលាយ។ ជាមួយគ្នានោះ ត្រូវមានមនសិកាសាមគ្គីគ្នាក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ទាក់ទិនទៅនិងកម្មវិធីសិក្សា ពិសេសការរីកចម្រើនក្នុងអាស៊ាន ក៏ដូចជាការវិវត្តន៍នៃសភាពការពិភពលោក។

ក្នុងពិធីសំណេះសំណាលគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានធ្វើការគូសបញ្ជាក់ពីសភាពការណ៍នយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ពិសេសសម្តេចតេជោ បានផ្តាំផ្ញើនិស្សិតទាំងអស់ ត្រូវតាមដានពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងសភាពការណ៍ពិតរបស់ប្រទេសកម្ពុជា តាមរយៈប្រព័ន្ធបច្ចេកវិទ្យានៃសម័យសកលភាវូបនីយកម្មដ៏ទំនើប។

សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះពិចារណានូវរាល់ចំណុចវិជ្ជមានដែលរាជរដ្ឋាភិបាលបាននិងកំពុងដឹកនាំនាពេលបច្ចុប្បន្ន ជាពិសេសកត្តាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍប្រទេសជាតិ ដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។

មុននឹងបញ្ចាប់ពិធីសំណេះសំណាល សម្តេចតេជោ ហ៊ុន សែន បានឧបថត្ថម្ភថវិកាលើកទឹកចិត្តមួយចំនួនដល់និស្សិតទាំងអស់ ដែលបានមកចូលរួម ហើយបានជូនពរនិស្សិតកម្ពុជាសិក្សានៅប្រទេសជប៉ុនទាំងអស់ ទទួលបានជោគជ័យក្នុងការសិក្សា៕