(ភ្នំពេញ)៖ យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅដល់អាកាសយានដ្ឋានអន្តរជាតិហាណេហា នាទីក្រុងតូក្យូ ប្រទេសជប៉ុនហើយ នៅម៉ោង ១៨៖០០នាទីម៉ោងនៅប្រទេសជប៉ុន ត្រូវនឹងម៉ោង ១៦៖០០នាទីម៉ោងនៅកម្ពុជា ថ្ងៃទី០៦ សីហា ២០១៧នេះ។
ទំព័រ Facebook របស់សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិហាណេដា ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយសុវតថ្ថិភាព បន្ទាប់ពីបានឈប់សម្រាក នៅ ទីក្រុងក្វាងចូវ ប្រទេសចិន អស់រយៈពេល ១ម៉ោង និងហោះហើរបន្តពីអាកាសយានដ្ឋានទីក្រុងក្វាងចូវ ប្រទេសចិន មកកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយប្រើរយៈពេលជាង៥ម៉ោងបន្ថែមទៀត។
ដំណើរអញ្ជើញដល់ប្រទេសជប៉ុននេះ សម្តេចតេជោ និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុតពីសំណាក់លោក គីយ៉ូស្សី អូដាវ៉ារ៉ា អនុរដ្ឋមន្ត្រីការបរទេសជប៉ុន រួមនឹងមន្ត្រីស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសជប៉ុនជាច្រើនរូបផ្សេងទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហោះឆ្ពោះទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅវេលាម៉ោងប្រមាណ ៧៖៥០នាទីព្រឹកថ្ងៃទី០៦ ខែសីហានេះ។
បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា នៅកំឡុងស្នាក់នៅប្រទេសជប៉ុន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលគាស់ព្រះអង្គម្ចាស់ រាជទាយាទ ណារ៉ូហ៉ីតូ។ សម្តេចតេជោ នឹងមានកិច្ចប្រជុំកំពូលជាមួយ លោក ស៉ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន និងធ្វើការប្រកាសព័ត៌មានរួមគ្នា ក្រោយនាយករដ្ឋមន្ត្រីទាំង២ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ ស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជា ដូចខាងក្រោម៖
១៖ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់៣៩៤៨លានយ៉េន ស្មើនឹងប្រមាណ៣៥លានដុល្លារ
២៖ ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទឹកប្រាក់ ២៣៥០២លានយ៉េន ស្មើនឹង២០៨លានដុល្លារ។
បើតាមក្រសួងការបរទេស ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ក៏នឹងទទួលការចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នា ដោយតំណាងសមាគមមត្តិភាពសភាកម្ពុជា-ជប៉ុន សមាគមមិត្តភាពសភាជប៉ុន-មេគង្គ អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់់ជប៉ុន ព្រមទាំងក្រុមហ៊ុនរបស់ជប៉ុនចំនួន៤ផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ថា គណៈប្រតិភូដែលអមដំណើររបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននាព្រឹកមិញនេះ រួមមាន៖ ១៖ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ២៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង៣៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលមួយចំនួនទៀត៕