(ភ្នំពេញ)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់អ្នកព័ត៌មានកម្ពុជា រយៈពេល ១២ថ្ងៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ក្រៅពីការទស្សនារោងចក្រសហគ្រាស និងតំបន់វប្បធម៌ហើយនោះ តំបន់ទេសចរណ៍ជាច្រើន ក៏ត្រូវបានគេអញ្ជើញឲ្យទៅទស្សនាផងដែរ។
ទន្លេលាវជាំង ដែលជាកន្លែងជិះទូកលេងកម្សាន្តពេលរាត្រី នៅក្នុងទីក្រុងលាវជាំង ខេត្តក្វាំងស៊ី ជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយរបស់ពលរដ្ឋចិន ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតក្នុងប្រទេសចិន ដែលអ្នកព័ត៌មានកម្ពុជា បានទៅទស្សនា និងអង្គុយលំហែកាយ។
ទន្លេលាវជាំង មានប្រវែងប្រមាណជា ១ពាន់គីឡូម៉ែត្រ និងមានជម្រៅរហូតដល់ទៅ ៨៨ម៉ែត្រ។ ដោយសារតែនៅសងខាងទន្លេអមដោយអគារខ្ពស់ៗនៅក្នុងទីក្រុងពោរពេញដោយភាពរីកចម្រើនក្នុងក្រុងលាវជាំង ហើយពេលរាត្រីមានបើកភ្លើងចម្រុះពណ៌នៅតាមអគារខ្ពស់ៗទាំងអស់នោះផង បានញ៉ាំងឲ្យសម្រស់ពេលរាត្រីរបស់ទន្លេលាវជាំងកាន់តែស្រស់ស្អាត និងកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរ។
បន្ថែមពីលើសម្រស់ភ្លើងពណ៌តាមអគារខ្ពស់ៗនោះ អាជ្ញាធរក្នុងក្រុងលាវជាំង បានច្នៃប្រឌិតបន្ថែមដូចជាការធ្វើភ្នំតូចៗ ហើយបង្កើតជាទឹកធ្លាក់លាយជាមួយភ្លើងពណ៌បង្កើតបានជាផ្ទាំងទស្សនីយភាពថ្មីសម្រាប់ចំណីចក្ខុអ្នកទេសចរកម្សាន្តរំសាយទុក្ខ និងបំបាត់ការនឿយហត់ផងដែរ។
អ្នកគ្រប់គ្រងតំបន់ទេសចរណ៍ជិះទូកកម្សាន្តលើផ្ទៃទន្លេលាវជាំង បានឲ្យដឹងថា កន្លែងជិះទូកលេងកម្សាន្តពេលរាត្រីនេះ ទទួលបានភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងមួយថ្ងៃប្រមាណ ១ពាន់នាក់ ហើយរកថវិកាពីការលក់សំបុត្របានជិត ៧ពាន់ដុល្លារអាមេរិក។ កន្លែងនេះ មានទូកទេសចរណ៍ចំនួន ៥គ្រឿងសម្រាប់ចល័តចុះឡើងចាប់ពីម៉ោង ៧ រហូតដល់ម៉ោង ៩យប់។
សម្រាប់ភ្ញៀវទេសចរវិញភាគច្រើនជាជនជាតិចិន និងភ្ញៀវមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនផងដែរ។ សម្រាប់ខែដែលសម្បូរ ភ្ញៀវជាងគេ គឺចន្លោះពីខែកក្កដា ដល់កញ្ញា ដោយសារតែអំឡុងពេលនេះ មានអាកាសធាតុក្តៅជាការញ៉ាំងឲ្យពលរដ្ឋចង់ជិះទូកលើដងទន្លេស្រូបយកខ្យល់អាកាសត្រជាក់ ហើយក៏ជាពេលវិស្សមកាលរបស់និស្សិតចិនផងដែរ។
អ្នកព័ត៌មានកម្ពុជា បានចាប់អារម្មណ៍ខ្លាំងចំពោះតំបន់ទេសចរណ៍នេះ។ ជាពិសេសចាប់អារម្មណ៍ចំពោះការរៀបចំ និងភាពច្នៃប្រឌិតបន្ថែមរបស់អាជ្ញាធរគ្រប់គ្រងតំបន់កម្សាន្តមួយនេះ ដែលបានបង្កើតជាភ្នំតូចៗ និងធ្វើជាទឹកធ្លាក់សម្រាប់ការទាក់ទាញចំណាប់អារម្មណ៍បន្ថែម។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា តំបន់ទេសចរណ៍ជិះទូកលេងកម្សាន្តនៅទន្លេលាវជាំងនេះ មិនខុសពីទន្លេចតុមុខរបស់កម្ពុជានោះទេ ប្រសិនបើមានការរៀបចំឲ្យមានការទាក់ទាញបន្ថែមតាមដងទន្លេ ហើយទូកមានសុត្ថិភាព ខ្ពស់នឹងអាចទាក់ទាញភ្ញៀវជិះទូកលេងកម្សាន្តកាន់តែច្រើននាពេលរាត្រី៕