(ភ្នំពេញ)៖ ទិវារត់ប្រណាំងអង្គរអន្ដរជាតិចក្រភពខ្មែរ លើកទី៤ នៅតំបន់អង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ចប់ដោយជោគជ័យ ដោយមានអត្តពលិកសរុបជិត ៣,៥០០នាក់មកពី ៥៣ប្រទេសលើពិភពលោកចូលរួម ។ នេះបើតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលចំនួននេះមានការកើនឡើង ១៥% បើធៀបនឹងការរៀបចំព្រឹត្តិការណ៍កីឡាបែបទេសចរណ៍មួយនេះ កាលពីឆ្នាំ២០១៦។
ចំពោះលទ្ធផលទទួលបានពីគណៈកម្មការរៀបចំការប្រកួតវិញ រួមមានការរត់ប្រណាំងម៉ារ៉ាតុងវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រលេខ១ កីឡាករ Neil Burns ជនជាតិអង់គ្លេស ប្រើពេល ៣ម៉ោង ៨នាទី និង៥៦វិនាទី លេខ២ Tiancai Zhou ជនជាតិចិន ប្រើពេល ៣ម៉ោង ២៣នាទី និង៤៦វិនាទី និងលេខ៣ Kiwai NG ជនជាតិហុងកុង ប្រើពេល ៣ម៉ោង ២៤នាទី និង២៣វិនាទី។
លទ្ធផលពាក់កណ្តាលម៉ារ៉ាតុង ផ្នែកបុរសលេខបានទៅកីឡាករ Yamasaki Takemaru ជនជាតិជប៉ុន ប្រើពេល ១ម៉ោង ១៤នាទី និង៤វិនាទី លេខ២ Kuniaki Takisaki ជនជាតិកម្ពុជា ប្រើពេល ១ម៉ោង ១៥នាទី និង១០វិនាទី និងលេខ ម៉ា វីរ៉ូ ជនជាតិកម្ពុជា ប្រើពេល ១ម៉ោង ១៩នាទី និង១៧វិនាទី។
លទ្ធផលរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងផ្នែកនារី លេខ១ បានទៅកីឡាការិនី Puff Kathrin ប្រើពេល ១ម៉ោង ៤៥នាទី និង២វិនាទី លេខ២ Okamura Yasuko ប្រើពេល ១ម៉ោង ៤៥នាទី និង១៧នាទី និងចំណាត់ថ្នាក់លេខ៣ កីឡាការិនី Chiu Ketman ប្រើពេល ១ម៉ោង ៤៨នាទី ៥១វិនាទី។
លទ្ធផល ១០គីឡូម៉ែត្រនារីបានទៅកិឡាការិនី Matsugl Mina ជនជាតិជប៉ុន វ័យ៣០ឆ្នាំ ប្រើថិរវេលា ៤៩នាទី និង២៥វិនាទី លេខ២ កីឡាការិនី Lecca Alice ជនជាតិបារាំង វ័យ២៥ឆ្នាំ ប្រើពេល ៥៤នាទី និង៨វិនាទី និងចំណាត់ថ្នាក់លេខ៣ Ueland Rita ជនជាតិន័រវ៉េ វ័យ៤៩ឆ្នាំ ប្រើពេល ៥៦នាទី និង២វិនាទី។
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមទាំងអាជ្ញាធរខេត្តសៀមរាប ក្នុងគោលបំណងស្វែងរកថវិកាសម្រាប់ជួយដល់សង្គម តាមរយៈមន្ទីរពេទ្យកុមារ និងអង្គការមួយចំនួន ដែលកំពុងមានការខ្វៈខាត។ មិនតែប៉ុណ្ណោះព្រឹត្តិការណ៍មួយនេះក៏បានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ផងដែរ។
លោកបានបញ្ជាក់ថា នេះជារដូវភ្លៀង ដែលមានភ្ញៀវទេសចរធ្លាក់ចុះ។ ដូច្នេះប្រជាពលរដ្ឋដែលប្រកបរបអាជីវកម្មនៅទីនោះ ការស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃក៏មានការធ្លាក់ចុះ ហេតុនេះលោកគិតថាព្រឹត្តិការណ៍មួយនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយយើងអាចស្រូបយកភ្ញៀវទេសចរឱ្យគេបានមកទស្សនាប្រាសាទអង្គរបានច្រើននៅក្នុងរដូវដែលមានភ្លៀងធ្លាក់ មួយវិញទៀតធ្វើឱ្យប្រជាពលរដ្ឋមានឱកាសស្វែងរកប្រាក់ចំណូលធ្វើឱ្យជីវភាពធូរធារ និងដើម្បីបំផុសឱ្យមានការចូលរួមថែរក្សាបរិស្ថានកាន់តែផុលផុស ក៏ដូចជាការចូលរួមធ្វើការផ្សព្វផ្សាយឱ្យបរទេសមកលេងប្រាសាទអង្គរវត្តអោយបានកាន់តែច្រើន។
សូមទស្សនាទិដ្ឋភាពខ្លះៗ នៃទិវារត់ប្រណាំងអង្គរអន្ដរជាតិ ចក្រភពខ្មែរ លើកទី៤ ឆ្នាំ២០១៧ ដូចខាងក្រោម៖