(ភ្នំពេញ)៖ អ្នកនាំពាក្យ និងជាតំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំង ទៅនឹងការប៉ុនប៉ងធ្វើអន្តរាគមន៍របស់សមាជិកសភាអាល្លឺម៉ង់ ដើម្បីស្នើឱ្យដោះលែង សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំង លោក អ៊ុ សំអាន និង លោក ហុង សុខហួរ ដែលកំពុងជាប់ឃុំ នៅក្នុងសំណុំរឿង ព្រហ្មទណ្ឌ។
លោក សុខ ឥសាន បានចាត់ទុកថា បំណង់ចង់ធ្វើអន្តរាគមន៍របស់សមាជិកសភាអាល្លឺម៉ង់មួយចំនួននោះ មានន័យថា អាល្លឺងម៉ង់មិនចង់ឱ្យកម្ពុជា ដើរតាមផ្លូវប្រជាធិបតេយ្យ និងនីតិរដ្ឋនោះទេ ហើយព្រមានថា បើសិនជាមានការអន្តរាគមន៍បែបនេះ ប្រយ័ត្នប្រទេសកូនសិស្សប្រជាធិបតេយ្យដូចជាកម្ពុជា ប្រដៅលោកគ្រូប្រជាធិបតេយ្យអាល្លឺម៉ង់វិញ។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រទេសអាល្លឺម៉ង់ជាប្រទេសនីតិរដ្ឋមួយ នៅក្នុងសហគមន៍អឺរ៉ុប។ បើមានអន្តរាគមន៍ពីសមាជិកសភាអាល្លឺម៉ង់មែននោះ មានន័យថា អស់លោកអាល្លឺម៉ង់ មិនចង់ឲ្យកម្ពុជា ដើរតាមគន្លង លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋទេ»។
លោកបានបន្តទៀតថា «លោក ហុង សុខហួរ និង អ៊ុ សំអាន មិនមែនជាអ្នកទោសនយោបាយទេ តែទាំងពីរនាក់នេះ គឺជាអ្នកនយោបាយបានប្រព្រឹត្តល្មើសច្បាប់ធ្ងន់ធ្ងរ ដែលត្រូវមានទោស។ ដូច្នេះ មុននឹងធ្វើអន្តរគមន៍ណាមួយលើករណី ហុង សុខហួរ និង អ៊ុ សំអាន គប្បីគិតគូជាមុនឲ្យគ្រប់ជ្រុងជ្រោយ ប្រយ័ត្នសិស្សប្រជាធិបតេយ្យ ប្រដៅលោកគ្រូប្រជាធិបតេយ្យវិញ ណា លោកគ្រូ»។
សូមបញ្ជាក់ថា លោក ហុង សុខហួរ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ទោស៧ឆ្នាំ ពាក់ព័ន្ធនឹងករណី ក្លែងនិងប្រើប្រាស់សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមក្លែងក្លាយ។ ចំណែក លោក អ៊ុ សំអាន ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ពាក់ព័ន្ធនឹងករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និង បទញុះញង់ឲ្យមានការរើសអើង៕