(ភ្នំពេញ)៖ ក្នុងនាមអ្នកតាមដានព័ត៌មានម្នាក់ដែលតែងតែស្តាប់វិទ្យុ មើលទូរទស្សន៍ អានកាសែត និងព័ត៌មានអនឡាញមិនសូវដែលខាន ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល ខ្លាំងបន្ទាប់ពីបានឃើញព័ត៌មានកាសែត Cambodia Daily ជំពាក់លុយពន្ធយ៉ាងច្រើន​សន្ធឹកសន្ធាប់​រយៈពេល១០ឆ្នាំមកហើយ មិនបានបំពេញកាតព្វកិច្ចបង់ពន្ធ។ ជាកាសែតបរទេសដែលមករកស៊ីនៅលើទឹកដីកម្ពុជា និងជាកាសែត​ដែលចូលចិត្តរិះគន់រដ្ឋាភិបាលឥតដែលសំចៃ ជួនកាលរឿងដែលគេមិននិយាយ កាសែតនេះ​ខំឆ្កិះមកនិយាយដើម្បីវាយ​ប្រហាររដ្ឋាភិបាល​មិនថា រឿងអ្វីឡើយ។

ការសរសេររឿងអ្វីមួយ ឬការរិះគន់ គឺជាសេរីភាពសារព័ត៌មានដែលខ្ញុំសុំមិនអត្ថាធិប្បាយទេ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់​នោះគឺហេតុអ្វី​បាន​ជាកាសែតបរទេស មួយនេះមិនបានបំពេញកាតព្វកិច្ចក្នុងការបង់ពន្ធចូលរដ្ឋច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ? ជាធម្មតាអ្វីដែលខ្ញុំធ្លាប់​ឃើញក្រុមហ៊ុនបរទេស ជាពិសេសក្រុមហ៊ុនមកពី បណ្តាប្រទេសជឿនលឿនធំៗ គេយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះប្រព័ន្ធច្បាប់ នៃប្រទេសដែលពួកគេធ្វើសកម្មភាព ជាពិសេសគឺកាតព្វកិច្ចបង់ពន្ធតែម្តង។ ប៉ុន្តែ កាសែត Cambodia Daily បែរជាគេចវេសមិនបង់​ពន្ធយ៉ាងសន្ធឹកសន្ធាប់បែបនេះទៅវិញ?

កន្លងទៅនេះ ប្រសិនបើមានក្រុមហ៊ុនណាមួយនាំរបស់គេចពន្ធ ឬក៏ជំពាក់លុយពន្ធរដ្ឋបន្តិចបន្តួច បណ្តាញផ្សាយព័ត៌មាន ជាពិសេសគឺ​ក្រុម​បណ្តាញផ្សព្វផ្សាយ បរទេស ដែលមាននិន្នាការទៅរកបក្សប្រឆាំងមានកាសែត Cambodia Daily និង វិទ្យុអាស៊ីសេរី ជាដើម តែងតែចេញមុខបំពងសំឡេងយ៉ាងកងរំពង។ ស្តាប់ទៅដូចជាប្រព័ន្ធផ្សាយបរទេសទាំងនោះត្រឹមត្រូវខ្លាំងណាស់។ ដឹងអីស្រាប់​តែធ្វើឬក​រាក់​កំផែលអ៊ីចឹងសោះ! បើបែបនេះ តើការសរសេរអត្ថបទព័ត៌មានរបស់ Cambodia Daily ខ្លួនឯង និងបណ្តាញផ្សាយព័ត៌មាន​បរទេសមួយចំនួនទៀត គួរឲ្យអាន និងស្តាប់តទៅទៀតដែរឬទេ? បើពួកគេជាប្រភេទសត្វគីង្គក់លក់ថ្នាំស្រែងបែបនេះ?

ប្រទេសកម្ពុជាយើងបើកទូលាយឲ្យមានសេរីភាពសារព័ត៌មានទូលំទូលាយ រហូតសូម្បីតែជនបរទេសក៏មានសិទ្ធិ​អាចបើកកាសែត​ក្នុងប្រទេសនេះបានដែរ។ វិទ្យុបរទេសជាខេមរភាសា ក៏អាចទិញម៉ោងវិទ្យុក្នុងស្រុកផ្សាយយ៉ាងកងរំពងផងដែរ។

រីឯសេរីភាពក្នុងការផ្សាយព័ត៌មានរបស់ពួកគេក៏មាន យ៉ាងទូលំទូលាយរហូតដល់កាសែត ឬវិទ្យុបរទេសខ្លះ ក្លាយខ្លួនជាប្រព័ន្ធផ្សព្វផ្សាយ​ប្រឆាំងរដ្ឋាភិបាលផ្កាប់មុខ ប្រៀបបាននឹងពួកឧទ្ទាមទៅហើយ។ ពួកគេមិនត្រឹមតែធ្វើជាឧបករណ៍បំពង​សំឡេងឲ្យបក្សប្រឆាំង​តែប៉ុណ្ណោះទេ តែជាញឹកញាប់បានធ្វើសកម្មភាពប្រឆាំង រដ្ឋាភិបាលក្នុងចេតនាផ្តួលរំលំតែម្តង។ ទោះជាយ៉ាងនេះក៏ដោយ ក៏គ្មានបណ្តាញផ្សាយព័ត៌មានណាមួយត្រូវបានរដ្ឋាភិបាលបិទនោះដែរ។
នេះជាសេរីភាពដែលរដ្ឋាភិបាលផ្តល់ជូនបណ្តាញផ្សាយព័ត៌មានយ៉ាងទូលំទូលាយ។ ទោះជាយ៉ាងនេះក៏ដោយ ជារឿយៗគេតែងតែលឺសារព័ត៌មានទាំងនោះ និយាយតែពីការបិទសិទ្ធិសេរីភាព ឬថាលំហសេរីភាពនៅកម្ពុជាកាន់តែតូចចង្អៀត ក្នុងពេលដែលពួកគេកំពុងស្រែកជេររដ្ឋាភិបាលកប់ៗមាត់។ តើពួកគេទាមទារសេរីភាពបែបណាទៀត? ឬមួយក៏ត្រូវបន្ថែមសេរីភាពលួចពន្ធរដ្ឋដូចកាសែត Cambodia Daily មួយទៀតទើបសមចិត្តរបស់ពួកគេ?

ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងជាអ្នកចូលចិត្តតាមដានព័ត៌មាន ខ្ញុំគាំទ្រពេញទំហឹង និងលើកទឹកចិត្តឲ្យរដ្ឋាភិបាលលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងនោះ ខ្ញុំក៏សូមលើកទឹកចិត្តឲ្យសារព័ត៌មាន ជាពិសេសសារព័ត៌មានបរទេស និងអ្នកបញ្ចេញមតិទាំងឡាយ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពដល់សិទ្ធិសេរីភាពរបស់អ្នកដទៃផង ពីព្រោះក្នុងសង្គមមួយ ជាពិសេសសង្គមខ្មែរយើងដែលទើបតែងើបចេញ ពីការបែកបាក់នៃភ្លើងសង្គ្រាម វាទាមទារចាំបាច់ណាស់នូវការគោរពគ្នាទៅវិញទៅមកដើម្បីកសាងវប្បធម៌សន្តិភាព ការផ្សះផ្សារជាតិ ជំនួសឲ្យវប្បធម៌ហិង្សា។

ក្នុងន័យនេះការសរសេរព័ត៌មានញុះញង់ ឆ្កិះឆ្កៀល បរិហារ ដូចជាកាសែត Cambodia Daily  និងវិទ្យុអាស៊ីសេរី ជាដើម មិនគ្រាន់តែមិនបានចូលរួមចំណែក ក្នុងការកសាងវប្បធម៌សន្តិភាព អហិង្សា និងផ្សះផ្សារជាតិប៉ុណ្ណោះទេ តែផ្ទុយទៅវិញ ព័ត៌មានទាំងនោះបានបង្កឲ្យមានកំហឹង ការស្អប់ខ្ពើម គុំគួន និងលាបពណ៌គ្នាយ៉ាងអាក្រក់បំផុត។ ដូច្នេះសារព័ត៌មានបរទេសទាំងនោះ គួរតែបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់សេរីភាពជ្រុលនិយមបែបនេះតទៅទៀត។

មិនតែប៉ុណ្ណោះ បណ្តាញផ្សាយព័ត៌មានបរទេសទាំងនោះ ត្រូវតែគោរពច្បាប់ខ្មែរឲ្យបានហ្មត់ចត់បំផុត រួមទាំងកាតព្វកិច្ចបង់ពន្ធ និងការគោរពសីលធម៌ ទំនៀបទម្លាប់ប្រពៃណីរបស់ខ្មែរឲ្យបានខ្ជាប់ខ្លួន។ ជនជាតិខ្មែរទាំងឡាយដែល​បម្រើការឲ្យសារព័ត៌មានបរទេសទាំងនោះ ក៏មិនគួរបណ្តោយខ្លួនឲ្យបរទេស ដឹកច្រមុះតាមចិត្តដើម្បីតែប្រាក់ខែលុយដុល្លារ ហើយភ្លេចជាតិកំណើតជាខ្មែរនោះឡើយ។ សូមចងចាំថា គ្មានអ្នកណាយល់ពីខ្មែរច្បាស់ជាងខ្មែរខ្លួនឯងឡើយ ហើយក៏គ្មានអ្នកណាអាចជួយខ្មែរបានក្រៅពីខ្មែរត្រូវជួយខ្លួនឯងនោះដែរ។ សូមបងប្អូនខ្មែរដែលធ្វើការឲ្យបរទេសទាំងឡាយ ជាពិសេសអ្នកកាសែតតែម្តង មេត្តាយល់ឲ្យច្បាស់អំពីបញ្ហានេះ ហើយគួរតែកុំបណ្តោយខ្លួនឲ្យក្លាយជាទាសករបរទេសដោយមិនដឹងខ្លួន ឬក៏ជួនកាលធ្វើលើសពីអ្វីដែលបរទេសចង់បាន ទៅទៀតក៏មាន។ ប្រសិនបើដូច្នោះមែន គឺយើងហ្នឹងហើយដែលជាអ្នកបំផ្លាញប្រទេសជាតិយើងនិងជាតិសាសន៍យើងដោយខ្លួនឯង។

សូមចងចាំថាគ្រឹះដ៍រឹងមាំបំផុតសំរាប់ការពារ កសាងនិងអភិវឌ្ឌន៍របស់ប្រទេសមួយនោះគឺការពង្រឹងនិតិរដ្ធ។ ដូច្នេះស្ថាប័នបរទេសមកពីប្រទេសអាមេរិកដូចជា កាសែត The Cambodia Daily ត្រូវតែធ្វើជាគំរូល្អដោយគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់របស់កម្ពុជាដែលជារដ្ឋឯករាជ្យនិងអធិប្បតេយ្យ ។

ពីនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញម្នាក់!