(ភ្នំពេញ)៖ កម្ពុជាមានក្តីរំពឹងថា ការហោះហើរត្រង់រវាង ខេត្តព្រះសីហនុ និងទីក្រុងកូឡាឡាំពួរ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម រួមទាំងភ្ញៀវទេសចរបន្ថែមទៀត ដល់ខេត្តមាត់សមុទ្រកម្ពុជា ខណៈដែលការហោះហើរត្រង់ថ្មីទៅកាន់ម៉ាឡេស៊ី នឹងចាប់ផ្តើម នៅថ្ងៃទី៩ ខែសីហា ខាងមុខនេះ។
ប្រធានទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ថា ការហោះហើរត្រង់ថ្មីនេះ នឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់ខេត្តព្រះសីហនុ ដូចជាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស វិស័យទេសចរណ៍នៅខេត្តព្រះសីហនុតែម្តង។ លោកថ្លែងថា «បើវិស័យទេសចរណ៍ មានការរីកចំរើននោះ នឹងជំរុញឱ្យវិស័យផ្សេងទៀតឱ្យរីកចំរើន ជាបន្តបន្ទាប់ដែរ»។
បច្ចុប្បន្ន ការហោះហើរទៅវិញទៅមកជាលក្ខណៈជាតិ និងអន្តរជាតិទៅកាន់ខេត្តព្រះសីហនុ មានចំនួន៦០ជើង ក្នុង១សប្តាហ៍។ ខេត្តនេះមានការហោះហើរត្រង់ជាលក្ខណៈអន្តរជាតិ ទៅកាន់ប្រទេសចំនួន២ ក្នុងនោះមានប្រទេសចិន និងវៀតណាមជាដើម ហើយនៅថ្ងៃទី០៩ ខែសីហានេះ នឹងមានការហោះហើរត្រង់ទៅប្រទេសម៉ាឡេស៊ី ថែមទៀត ដោយក្រុមហ៊ុនអាកាសចរណ៍ AirAsia របស់ម៉ាឡេស៊ី។
លោក Spencer Lee ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន AirAsia បានថ្លែងថា ការហោះហើរត្រង់នេះ នឹងធ្វើឱ្យប្រទេស និងប្រជាជនទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងកាន់តែងាយស្រួល។ ការហោះហើរនេះ នឹងជួយសេដ្ធកិច្ចប្រទេសទាំងពីរ និងប្រជាជន នៅក្នុងតំបន់ថែមទៀត។
លោកគូសបញ្ជាក់ថា «យើងពិតជារីករាយ ដែលមានការហោះហើរត្រង់នេះ ព្រោះយើងជឿជាក់ថា ខេត្តព្រះសីហនុ ជាកន្លែងដ៏អស្ចារ្យ ហើយពុំទាន់មានក្រុមហ៊ុនណាមួយ ធ្វើការហោះហើរត្រង់ទៅកាន់ទីនោះនៅឡើយទេ ហើយសម្រាប់ ការហោះហើរលើកដំបូង យើងសង្ឃឹមថា នឹងមានការជួយសម្របសម្រួលពីអាជ្ញាធរខេត្តព្រះសីហនុ ហើយស្វែងរក ភ្ញៀវទេសចរបន្ថែមទៀត»។
ខេត្តព្រះសីហនុ ជាខេត្តគោលដៅទេសចរណ៍សំខាន់មួយរបស់កម្ពុជា បន្ទាប់ពីខេត្តសៀមរាប និងរាជធានីភ្នំពេញ។ របាយការណ៍ បានឱ្យដឹងថា រយៈពេល៥ខែដំបូង ក្នុងឆ្នាំ២០១៧នេះ ខេត្តព្រះសីហនុ មានការហោះហើរចំនួន១០៤១ជើង កើនឡើងជាង ៣៤៤ភាគរយ ដោយមានភ្ញៀវទេសចរបានទៅដល់ខេត្តនេះតាមជើងយន្តហោះចំនួន ៦៦ ៧៤៦នាក់ កើនឡើង១៨១ភាគរយ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៦៦ ២២១នាក់ កើនឡើង២០៩ភាគរយ និងភ្ញៀវជាតិ៥២៥នាក់ កើនឡើង២៨៣ភាគរយ។ ក្រៅពីនោះក៏មានភ្ញៀវទេសចរទៅដល់តាមផ្លូវទឹក និងផ្លូវគោកផងដែរ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា លក្ខណៈទាក់ទាញសំខាន់ៗ នៅខេត្តព្រះសីហនុ សម្រាប់ភ្ញៀវទេសចរណ៍ទាំងនោះ មានឆ្នេរសមុទ្រស្អាត និងកោះស្អាត ដែលភ្ញៀវអាចមកស្រូបខ្យល់ឱកាសល្អ ជាលក្ខណៈ ធម្មជាតិ។ ក្រៅពីនោះក៏មានតំបន់ទឹកធ្លាក់ ទឹកជ្រោះ កោះ និងផ្កាថ្មី ជាដើម។
ប៉ុន្តែទោះជាយ៉ាងណា ទន្ទឹមនឹងកំណើននៃជើងហោះហើរត្រង់ជាលក្ខណៈអន្តរជាតិទៅកាន់ខេត្តនេះ ខេត្តព្រះសីហនុ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះខាតសណ្ឋាគារលំដាប់ផ្កាយ មធ្យោបាយដឹកជញ្ជូន រួមទាំងសេវាកម្ម ជាលក្ខណៈ ស្តង់ដារអន្តរជាតិ ដើម្បីទទួលភ្ញៀវទេសចរបរទេសផងដែរ៕