(ពោធិ៍សាត់)៖ លោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយស្រុកក្រគរ បន្ទាប់ពីទទួលបានជោគជ័យឈ្នះដាច់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅមូលដ្ឋានរបស់ខ្លួនរួចមក ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជន សម្រេចប្រគល់តួនាទីភារកិច្ចឲ្យបន្តការដឹកនាំចុះជួយស្រុកកណ្តៀងបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ឲ្យទទួលបានជោគជ័យ ឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨នាពេលខាងមុខ។
ពិធីប្រកាសកែសម្រួលសមាសភាពថ្មី ក្រុមការងារចុះជួយស្រុកកណ្តៀង ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការបក្សស្រុកកណ្តៀង ក្រោមវត្តមាន លោក ស៊ុយ សែម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់, លោក ខូយ សុខា ប្រធានគណបក្សខេត្ត លោក លោកស្រី ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ស្រុក សមាជិក សមាជិកាគណបក្សស្រុក ឃុំ ភូមិ យ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា យោងតាមស្មារតីអង្គប្រជុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា បានសម្រេចប្រគល់ភារកិច្ចឲ្យលោក កែវ រតនៈ និងសមាសភាពថ្មីមួយចំនួន ទៅក្នុងជួរដឹកនាំគណបក្សស្រុក និងឃុំទាំង៩ ដើម្បីបំពេញបន្ថែមដល់ក្របខណ្ឌចាស់ ដែលបានកែសំរួលភារកិច្ចទៅកាន់តំបន់ផ្សេង ហើយម្យ៉ាងក៏ដើម្បីឆ្លើយតបទៅនឹងសំណូមពរចាំបាច់ ទៅនឹងទំហំការងារដែលបានបំពេញ នាពេលបច្ចុប្បន្ន។
សំណេះសំណាលនាឱកាសនោះ លោក ស៊ុយ សែម ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តពោធិ៍សាត់ បានវាយតំលៃអំពីចំណុចខ្លាំង ចំណុចខ្សោយនៃការអនុវត្តការងារគណបក្សនៅមូលដ្ឋានកន្លងមក ហើយបានដាក់ចេញទិសដៅភារកិច្ចសំខាន់ៗមួយចំនួន សម្រាប់អនុវត្តបន្ត ក្នុងជំហានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខនេះ។
លោកបានផ្តាំផ្ញើដល់សមាជិកសមាជិកាក្នុងអង្គពិធីទាំងមូល ត្រូវបន្តលើកកម្ពស់ ការរួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ឯកភាពរឹងមាំជុំវិញគណបក្ស និងបន្តការផ្សារភ្ជាប់ជាមួយប្រជាជន ហើយខិតខំអនុវត្តឲ្យបានជោគជ័យ រាល់ភារកិច្ចដែលគណបក្សបានប្រគល់ឲ្យ៕