(បន្ទាយមានជ័យ)៖ នាព្រឹកថ្ងៃទី០៦​ ខែ​ សីហា​ ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា​ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា​ចុះជួយខេត្តបន្ទាយមានជ័យ​ បានបន្តចុះជួបថ្លែងអំណរគុណដល់សមាជិក-សមាជិកា​មហាគ្រួសារ​គណបក្សប្រជាជន​ចំនួន១៩៩៩នាក់ និងប្រជាពលរដ្ឋចំនួន១០៨គ្រួសារដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់នៅក្នុង​ឃុំអូរប្រាសាទ​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ។

ក្នុងឱកាសនោះ​ ឧបនាយករដ្ឋមន្រ្តី បានលេីកឡេីងថាយេីងទាំងអស់គ្នាបានមានឱកាសអង្គុយជួបជុំជាមួយគ្នានាពេលនេះបានដោយសារប្រទេសជាតិរបស់យេីងមានសុខសន្តិភាព ស្ថេរភាពនយោបាយ​ពាសពេញប្រទេសក្រោមការថ្នាក់ដឹកនាំដ៏រឹងមាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចប់សង្រ្គាមរាំរ៉ៃ ដែលផ្តល់ឱកាសអោយយើងទាំងអស់គ្នាមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការអភិវឌ្ឍប្រទេសលើគ្រប់វិស័យដែលយើងទាំងអស់គ្នាបានឃើញជាក់ស្តែងផ្ទាល់នឹងភ្នែក។

ក្នុងឱកាសនោះ​ដែរ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​បានបន្តថាសន្តិសុខ​ សន្តិភាព​ សុវត្ថិភាព​ស្ថេរភាពនយោបាយពិតជារឿងសំខាន់ណាស់ព្រោះយើងបានមកដោយសារយកជិវិតទៅប្តូរ​ ដូចនេះយេីងទាំងអស់គ្នាត្រូវតែចូលរួមចំណែកនិងបន្តថែរក្សាការពារឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយនេះជាមួយរាជរដ្ឋាភិបាលកម្ពុជា​ និងគណបក្សប្រជាជនកម្ពុជាយេីងឱ្យបានជាដាច់ខាត ដោយកុំជឿនូវការឃោសនាបោកបញ្ឆោតពីពួកអគតិ។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍​ កែ គឹមយ៉ានបានពាំនាំនូវការសួរសុខទុក្ខ​ និងការថ្លែងអំណរគុណពីសំណាក់សម្តេចដែលជាថ្នាក់ដឹកនាំនៃគណបក្សប្រជាជនទាំងអស់​ដល់មន្រ្តីរាជការ​  កងកំលាំងប្រដាប់អាវុធ​ លោកគ្រូ​អ្នកគ្រូ​ សិស្ស​ និស្សិតប្រជាពលរដ្ឋ​ទាំងអស់នៅខេត្តបន្ទាយមានជ័យដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧​ និងបានសំណូមពរឱ្យអ្នកបោះឆ្នោតទាំងអស់បន្តគាំទ្របោះឆ្នោតជូនគណបក្សប្រជាជននៅឆ្នាំ២០១៨ខាងមុខ។

ជាមួយវប្បធម៌ចែករំលែក​ និងការគិតគូរពីសុខទុក្ខប្រជាពលរដ្ឋអ្នកខេត្តបន្ទាយមានជ័យ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បាននាំយកអំណោយផ្តល់ជូ​នដល់ប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់នៅក្នុងភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ចំនួនជាង១០៨គ្រួសារ​ ដែលក្នុងមួយគ្រួសារ ទទួលបាន:
១- អង្ករ ២៥គីឡូក្រាម
២-ទឹកសុីអុីវ ១យួរ
៣-ទឹកត្រី ១យួរ
៤-មី ១កេស
៥-ថវិកា ចំនួន ៥០.០០០រៀល
៦-សារ៉ុង ១។

ប្រជាពលរដ្ឋដែលជីវភាពក្រលំបាកខ្លាំងចំនួន៣០គ្រួសារក្នុងមួយគ្រួសារទទួលបាន
១-អង្ករ ២៥ គីឡូក្រាម     
២-ថវិកា២០.០០០រៀល    
៣-សារ៉ុង១  ។

លោកគ្រូ-អ្នកគ្រូ ៧៤នាក់​ ម្នាក់ៗទទួលបានសារ៉ុង១ ថវិកា១០.០០០រៀល។ ប្រជាពលរដ្ឋចួលរួមមានចំនួន១៩២៥នាក់ ម្នាក់ៗទទួលបាននូវសារ៉ុងម្នាក់១។
ថវិកាឧបត្ថម្ភដល់ស្រុក មាន៖
-យោធា២.០០០.០០០រៀល
-នគរបាល ២.០០០.០០០រៀល
-អាវុធហត្ត ១.០០០.០០០រៀល
-យុវជន ស្រុក១.០០០.០០០រៀល
-វត្តអូរស្ងួត១.០០០.០០០រៀល។ ប្រគេនសុីម៉ង់ចំនួន១០តោន​ និងបច្ច័យកសាងចំនួន១.០០០.០០០រៀលជូនវត្តអូរប្រាសាទ៕