(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានជំនឿថា ប្រទេសជប៉ុននឹងបន្តជួយដល់កម្ពុជាបន្តទៀត ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យ នៃការប្រែក្លាយខ្លួនទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ ខាងមុខនេះ។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក ពុយ គា មកពីទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូប្រចាំនៅភ្នំពេញ កាលពីថ្ងៃសុក្រមុនពេលសម្តេចចេញដំណើរបំពេញទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន លោកបានសម្តែងនូវក្តីសង្ឃឹមថា ជប៉ុននឹងបន្តផ្តល់ការគាំទ្រលើវិស័យមួយមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ, ធនធានមនុស្ស, ទេសចរណ៍, និងការលើកទឹកចិត្តឲ្យវិនិយោគិនជប៉ុន មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាបន្ថែមទៀត។
កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ធនាគារពិភពលោក បានធ្វើការកែប្រែជាផ្លូវការនូវលំដាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យរួចផុតពីប្រទេសមានប្រាក់ចំណូលទាប ឡើងទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបវិញ។ ប៉ុន្តែដោយសារគម្លាតរវាងអ្នកមាន និងអ្នកក្រនៅបន្តមាននៅឡើយ នាំឲ្យមានការរំពឹងទុកថា ជំនួយពីប្រទេសជប៉ុននៅតែត្រូវបន្តផ្តល់មកកម្ពុជាបន្ថែមទៀត សម្រាប់បង្កើនហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងជួយឲ្យការអភិវឌ្ឍមានតុល្យភាព។
សម្រាប់ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនពេលនេះ គឺបានកើតមានឡើងចំខួបទី២៥ឆ្នាំ បន្ទាប់ពីការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុន មកកម្ពុជាជាលើកដំបូង ក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ ហើយក៏ចំខួបលើកទី៦០ឆ្នាំ នៃការចាប់ផ្តើមផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរ ដែលនៅក្នុងនោះ គឺមានលោក Nobusuke Kishi អតីតនាយករដ្ឋមន្រ្តីជប៉ុន និងជាជីតារបស់លោក ស៊ីនហ្សូ អាបេ បានបំពេញទស្សកិច្ចនៅប្រទេសកម្ពុជានៅឆ្នាំ១៩៥៧។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា វាយតម្លៃខ្ពស់ចំពោះការចូលរួមវិភាគទានក្នុងដំណើរការស្វែងរក សន្តិភាពនៅកម្ពុជា ក្នុងទសវត្សរ៍១៩៩០ និងការផ្តល់ជំនួយដ៏សន្ធឹកសន្ធាប់ សម្រាប់ស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា»។ ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៦ ប្រទេសជប៉ុនបានផ្តល់ជំនួយគិតជាទឹកប្រាក់ប្រមាណ ៣.៥ពាន់លានដុល្លារសហរដ្ឋអាមេរិកហើយមកដល់កម្ពុជា។
សម្តេចតេជោ បានបន្តទៀតថា «ប្រទេសជប៉ុនបានបង្ហាញឲ្យឃើញច្បាស់ តាមរយៈការគាំទ្រដ៏មានតម្លៃរបស់ខ្លួនទៅលើការផ្តល់ជំនួយដើម្បីអភិវឌ្ឍន៍ សេដ្ឋកិច្ចកម្ពុជា, ជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងគាំទ្រការអភិវឌ្ឍសង្គមប្រកបដោយចីរភាព»។ បន្ថែមពីនេះសម្តេចក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះតួនាទីសំខាន់នៃការរួមចំណែករបស់ជប៉ុន នៅក្នុងការជួយប្រទេសកម្ពុជា ឲ្យរក្សាបាននូវកំណើនសេដ្ឋកិច្ចជាង៧ភាគរយ និងកាត់បន្ថយភាពក្រីក្រ។
អំឡុងពេលនៃដំណើរទស្សនកិច្ចចាប់ពីថៃ្ងអាទិត្យរហូតដល់ថ្ងៃពុធ សម្តេចតេជោ ហ៊ុន សែន ដែលបានកាន់អំណាចរយៈពេល៣២ឆ្នាំមកហើយនេះ នឹងជួបជាមួយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ។ សម្តេចតេជោ សែន និងលោក អាបេ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារនានា ពាក់ព័ន្ធនឹងការផ្តល់ជំនួយ សម្រាប់ប្រព័ន្ធការពារគ្រោះទឹកជំនន់នៅទីក្រុងភ្នំពេញ ដែលមានតម្លៃ ៣៥លានដុល្លារ ព្រមទាំងកម្ចីសម្បទានមួយតម្លៃ ២០៩លានដុល្លារ សម្រាប់សាងសង់ចំណតកុងតឺន័រថ្មីមួយទៀត នៅកំពង់ផែខេត្តព្រះសីហនុ របស់ប្រទេសកម្ពុជា។
សម្តេចតេជោ បានថ្លែងបញ្ជាក់ទៀតថា «គោលដៅរួមនៃទស្សនកិច្ចផ្លូវការលើកនេះ គឺដើម្បីរឹតបន្តឹងទំនាក់ទំនងសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្ររវាង កម្ពុជា និងជប៉ុន នៅក្នុងក្របខ័ណ្ឌទ្វេភាគីផង ព្រមទាំងក្នុងក្របខណ្ឌអនុតំបន់, តំបន់និងអន្តរជាតិផង។ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំមានបំណងបន្តការពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រកម្ពុជា-ជប៉ុន ឲ្យកាន់តែរីកចំរើនថែមទៀត»។
ក្រៅពីកម្ពុជា សម្តេចក៏បានមានប្រសាសន៍ផងដែរថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏ត្រូវការជំនួយអភិវឌ្ឍន៍ផ្លូវការ និងការវិនិយោគដោយផ្ទាល់ពីជប៉ុនផងដែរ៕