(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសំដែងនូវសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលមានគំរោងចុះជួបបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រសហគ្រាស ដើម្បីស្វែងយល់ពីស្ថានភាពការងាររបស់ពួកគេ។
លោក សោម អូន បានបន្ថែមថា «វត្តមានរបស់សម្តេចតេជោ នៅតាមបណ្តារោងចក្រសហគ្រាស ពិតជាមានសារសំខាន់ណាស់ និងជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់បងប្អូនកម្មករនិយោជិត ដែលត្រូវបាននាយករដ្ឋមន្ត្រីរបស់ខ្លួន ចុះទៅជួបសំណេះសំណាល និងស្វែងយល់ដោយផ្ទាល់ពីស្ថានភាពការងារ និងស្ថានភាពលក្ខខណ្ឌការងារ ក៏ដូចជាស្ថានភាពជីវភាពរបស់បងប្អូនកម្មករ»។
មេសហជីពរូបនេះ បានបញ្ជាក់ថា ក្រុមសហជីព និងកម្មករមានសេចក្តីរីករាយ និងមានមោទនភាពណាស់ បន្ទាប់ពីបានទទួលពត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងចុះស្វែងយល់ដោយផ្ទាល់ពីស្ថានភាព កម្មករ ដល់កន្លែងការងារ។
លោក សោម អូន បានបន្ថែមថា បច្ចុប្បន្នស្ថាបភាពជីវភាពរបស់កម្មករមានលក្ខណៈល្អប្រសើរច្រើនហើយ ក៏ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដូចជារោងចក្រខ្លះ មិនទាន់មានអាហារដ្ឋាន (កន្លែងកម្មករហូបបាយ) សមរម្យ, បរិស្ថានក្នុងរោងចក្រមួយចំនួន នៅមិនទាន់ល្អ, រថយន្តដឹកកម្មករ មិនទាន់ធានាសុវត្ថិភាព (ជិះរថយន្តដឹកទំនិញ) និងផ្ទះជួលសម្រាប់កម្មករស្នាក់នៅមួយចំនួន មិនទាន់មានផាសុខភាពនៅឡើយ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីថា សម្ដេច នឹងជួបកម្មករផ្ទាល់នៅតាមបណ្ដារោងចក្រ សហគ្រាសផ្សេងៗ ដើម្បីស្វែងយល់ពីការរស់នៅ និងសុខទុក្ខរបស់កម្មករ កម្មការិនី៕