(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមដោះប្តូរស្លាកសញ្ញាគណបក្សរបស់ខ្លួន នៅតាមបណ្តាខេត្តនានាជាបណ្តើរៗហើយ ស្របពេលលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានស្នើដល់ថ្នាក់ដឹកនាំគណបក្ស រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ នៅទូទាំងប្រទេស ធ្វើការពន្លឿនការផ្លាស់ប្ដូរសញ្ញាគណបក្សឲ្យបានឆាប់រហ័ស។ នេះបើតាមសេចក្តីណែនាំស្ដីពីការផ្លាស់ប្ដូរស្លាកសញ្ញាគណបក្សសង្រ្គោះជាតិ។
ជាក់ស្តែង នៅស្នាក់ការគណបក្សសង្គ្រោះជាតិខេត្តសៀមរាប ក្រុមការងារបានរៀបចំកិច្ចប្រជុំប្រចាំខែ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែ និងលើកទិស ដៅសម្រាប់ខែបន្ទាប់ ជាពិសេសពន្លឿនការផ្លាស់ប្តូស្លាក គណបក្សតាមស្នាក់ការគណបក្សមូលដ្ឋាន និងទីប្រជុំជន ដោយមានការចូលរួមពីលោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។ ចំណែកខេត្តស្វាយរៀងវិញ លោក អ៊ូ ចាន់ឫទ្ធិ និងលោក គង់ សភា ជាប្រធាន-អនុប្រធានក្រុមការងារខេត្ត ស្វាយរៀង បានដឹកនាំក្រុមការងារខេត្ត បកស្លាកគណបក្សរូបចាប់ដៃ នៅតាមបណ្តោយផ្លូវជាតិលេខ១ នាក្រុងបាវិត ផងដែរ។
ការស្នើពន្លឿនរបស់លោក កឹម សុខា នេះ ធ្វើឡើងបន្ទាប់ពីច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ចូលជាធរមានដោយមិនអនុញ្ញាតឲ្យគណបក្សសង្រ្គោះជាតិប្រើប្រាស់ស្លាកសញ្ញាគណបក្សចាស់ ដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ដៃគ្នានោះទេ៕