(ភ្នំពេញ)៖ ក្នុងគោលដៅជំរុញភាពទាក់ទាញ់ក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្រសួងទេសចរណ៍ បានប្រកាសដាក់ចេញ នូវការប្រឡងប្រណាំងវីដេអូទេសចរណ៍ លើកដំបូង ក្រោមប្រធានបទ «កម្ពុជា៖មាតុភូមិខ្ញុំ»។ ការប្រកាសនេះ បានធ្វើឡើង នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU)។
លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ បានបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងវីដេអូទេសចរណ៍នេះ មានគោលបំណងចូលរួមចំណែកជំរុញកំណើនភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាចូលរួមផ្សព្វផ្សាយពីសក្តានុពល នៃតំបន់ទេសចរណ៍របស់កម្ពុជា ក្រោមពាក្យស្លោក «ទាំងអស់គ្នាអាចធ្វើដំណើរបាន-Everyone can go» ។ ការប្រឡងប្រណាំងវីដេអូទេសចរណ៍នេះ គឺជាផ្នែកមួយ នៃយុទ្ធសាស្ត្រ Digital Marketing ក្នុងយុទ្ធសាស្ត្រទីផ្សារទេសចរណ៍កម្ពុជា ២០១៧-២០២០។
ក្រសួងទេសចរណ៍ បានប្រកាសថា សម្រាប់នីតិវិធីក្នុងការចូលរួមប្រឡងប្រណាំងនេះរួមមានដូចជា៖
១៖ បេក្ខជនទាំងអស់អាចចុះឈ្មោះចូលរួមប្រកួត ដោយសេរីចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧។
២៖ ក្រុមការងារក្រសួងនឹងធ្វើការជ្រើសរើសជ័យលាភី០១ រូប ដែលមានស្នាដៃឆ្នើមជាងគេ ដើម្បីទទួលបានប្រាក់រង្វាន់ ៤.០០០.០០០ រៀល និងពានរង្វាន់ដែលចេញដោយក្រសួងទេសចរណ៍ផ្ទាល់។
៣៖ រាល់វីដេអូទាំងអស់ ត្រូវមានកម្រិតចាប់ពី Full HD ហើយមានរយៈពេលយ៉ាងយូរ ២ នាទី។
៤៖ បេក្ខជនអាចប្រើប្រាស់ឧបករណ៍ ឬជ្រើសរើសទីតាំងថតដោយសេរី ដោយផ្អែកលើការបំផុសចលនាទេសចរណ៍ ក្នុងស្រុក តាមគោលដៅទេសចរណ៍ ទូទាំងប្រទេសកម្ពុជាក្រោមប្រធានបទ «កម្ពុជាមាតុភូមិខ្ញុំ» ។
សូមបញ្ជាក់ថា តាមការគ្រោងទុកជ័យលាភី នៃការប្រឡងប្រណាំងវីដេអូទេសចរណ៍នេះ នឹងប្រកាសនិងប្រគល់ជ័យលាភីដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលគ្រោងរៀបចំឡើង នៅក្នុងវេទិកាយុវជនទេសចរណ៍ ចាប់ពីថ្ងៃទី០២ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ នាពេលខាងមុខ ។
ព័ត៌មានលំអិតសូមទស្សនាវីដេអូផ្សព្វផ្សាយការប្រឡងប្រណាំង និងប័ណ្ណផ្សព្វផ្សាយខាងក្រោម៖