(ភ្នំពេញ)៖ បន្ទាប់ពីបែកធ្លាយឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផ្ញើជូនកាសែតអាមេរិក Cambodia Daily អំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ប្រហាក់ប្រហែលជាង៦លានដុល្លារសហរដ្ឋអាមេរិក។
នៅថ្ងៃសៅរ៍នេះអង្គភាពព័ត៌មាន Fresh News បានទទួលលិខិតពីប្រជាពលរដ្ឋមួយរូបឈ្មោះ «កូននាគកម្ពុជា» ដោយបានត្អូញត្អែរ នឹងងឿងឆ្ងល់យ៉ាងខ្លាំងថា ហេតុអ្វីសារព័ត៌មានអាមេរិក Cambodia Daily មករកស៊ីនៅស្រុកខ្មែរមិនបង់ពន្ធ ? ម្ចាស់លិខិតក៏អះអាងតាមប្រភពព័ត៌មានទទួលបានថា ទំនងនៅមាន អង្គការក្រៅរដ្ឋាភិបាលជាង១០០ទៀត ដែលផ្តល់ជំនួយដោយបរទេស នៅជំពាក់ប្រាក់ពន្ធរដ្ឋរាប់សិបលានដុល្លារផងដែរ។
ម្ចាស់លិខិតបានសរសេរយ៉ាងដូច្នេះថា៖ «យើងយល់មិនដល់សោះថា ហេតុអ្វីបានសារព័ត៌មានអាមេរិកឈ្មោះ Cambodia Daily បែរជាមកធ្វើសកម្មភាព នៅកម្ពុជា ហើយមិនព្រមបង់ពន្ធជូនរដ្ឋជាម្ចាស់ផ្ទះ, នៅសល់១ខែទៀត បើមិនបានបង់ពន្ធទេ សារព័ត៌មានត្រូវបិទ គណនេយ្យត្រូវបង្កក តើជនជាតិខ្មែររបស់ខ្ញុំ ដែលធ្វើឲ្យគេមានកន្លែងណាត្រូវជ្រកទៀត។ បន្ទាប់ពីរឿងអាស្រូវគេចវេសពន្ធរបស់ Cambodia Daily, ខ្ញុំ ទទួលបានព័ត៌មានថា អង្គការក្រៅរដ្ឋាភិបាល ជាង១០០ទៀត ដែលផ្តល់ជំនួយដោយបរទេសនៅជំពាក់ប្រាក់ពន្ធរាប់សិបលានដុល្លារ មានដូចជា ខុមហ្វ្រែល, លីកាដូ, អាដហុក និងអង្គការមួយចំនួនទៀត ដែលចូលរួមក្នុងបន្ទប់ស្ថានការណ៍។ តើវាជាការចំអកមួយទេ ដែលប្រទេសដើរបង្រៀនគេអំពីអភិបាលកិច្ចល្អ មកប្រព្រឹត្តអំពើពុករលួយលួចប្រាក់ពន្ធ ពីប្រទេសក្រីក្រដូចកម្ពុជានោះ?»។
សូមជំរាបថា នៅក្នុងលិខិតបែកធ្លាយរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហានេះ បានសរសេរផ្ញើជូន នាយកសហគ្រាស៖ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល។
កាសែត Cambodia Daily ត្រូវបានគេដឹងថា ជាកាសែតរបស់អាមេរិកាំង ហើយតែងតែចូលចិត្តសរសេររិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាល និងចូលចិត្តសរសេរ ទម្លាយព័ត៌មានសំងាត់របស់រដ្ឋាភិបាលផងដែរ ប៉ុន្តែពេលនេះត្រូវបានបណ្តាញទំនាក់ទំនងសង្គមទម្លាយឯកសារអត់បង់ពន្ធនេះវិញហើយ។
នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News នៅមិនទាន់ទទួលបានការបំភ្លឺពីកាសែត Cambodia Daily នៅឡើយទេ ជុំវិញការបែកធ្លាយឯកសារសំខាន់មួយ ពាក់ព័ន្ធរឿងជំពាក់ពន្ធរដ្ឋជាង១០ឆ្នាំ។
កាលពីយប់ថ្ងៃទី០៤ ខែសីហាម្សិលមិញ អង្គភាព Fresh News បានទាក់ទងតាមទូរស័ព្ទទៅបុគ្គលិកម្នាក់របស់កាសែតនេះ ដោយបុគ្គលិកនោះបាននិយាយថា យប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍មិនមានអ្នកធ្វើការនោះទេ ហើយចំពោះការបែកធ្លាយឯកសារជំពាក់ពន្ធរដ្ឋនេះ ក៏គាត់មិនបានដឹងអំពីការជំពាក់ពន្ធរដ្ឋនេះផងដែរ៕
ពីប្រជាពលរដ្ឋ៖ កូននាគកម្ពុជា