(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកពិភពលោក លើកទី៥ ឆ្នាំ២០១៧ បានបញ្ចប់ហើយ ដោយក្រុមអត្តពលិកកម្ពុជា ដណ្ដើមបានមេដាយសរុប ២២គ្រឿង ខណៈថ្ងៃចុងក្រោយនេះ កម្ពុជាដណ្ដើមបានមេដាយ ៥គ្រឿងបន្ថែមទៀត រួមមានមេដាយមាស ១ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ២ ។ នេះបើតាមការឲ្យដឹងពី លោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ពីទីក្រុងញូដេលី ប្រទេសឥណ្ឌា ដែលជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ ។
សម្រាប់លទ្ធផលទទួលបាននាល្ងាចថ្ងៃទី០៥ ខែសីហានេះ គឺមានមេដាយមាស ១គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងមេគុនបុរស ដោយកីឡាករ លី បូរ៉ាមី ។ មេដាយប្រាក់ ២គ្រឿង ដណ្ដើមបានដោយកីឡាករ ប្រាក់ សុវណ្ណនី លើវិញ្ញាសាសម្ដែងមេគុណដំបង និង ១គ្រឿងទៀត លើវិញ្ញាសាសម្ដែងបច្ចេកទេសកាពារខ្លួនស្រី ៣នាក់ និងប្រុស ៣នាក់ រួមមានកីឡាការិនី ប៉ាល់ ឆរស្មី, ពៅ សុខា, ម៉ៅ ម៉ូនីតា, កីឡាករ ជិន ពិសិដ្ឋ, កីឡាករ សាន សុជាតិ និងកីឡា ទិន ឌិន ហៅ សែន រ៉ាដេត ។
ចំណែកមេដាសំរឹទ្ធ ២គ្រឿង ដណ្ដើមបានលើវិញ្ញាសាសម្ដែងប្រុស ៣នាក់ និងស្រីម្នាក់ប្រើអាវុធ គឺមានកីឡាការិនី សឿ ច័ន្ទលក្ខិណា, ជិន ពិសិដ្ឋ, ជ្រិន ប៊ុនឡុង និងកីឡាករ កើត សុភ័ក្រ ខណៈ ១គ្រឿងទៀត ដណ្ដើមបានដោយកីឡាការិនី សឿ ច័ន្ទលក្ខិណា និង ពៅ សុខា លើវិញ្ញាសាសម្ដែងអត់ប្រើអាវុធ ។ ដូច្នេះមេដាយសរុប ដែលក្រុមអត្តពលិកកីឡាវ៉ូវីណាមកម្ពុជាដណ្ដើមបានពេលនេះ គឺមាន ២២គ្រឿង រួមមានមេដាយមាស ៤, មេដាយប្រាក់ ៩ និងមេដាយសំរឹទ្ធ ៩ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងដែរថា ទន្ទឹមនឹងការដណ្ដើមបានមេដាយកម្រិតពិភពលោក ដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើ NOCC និងក្រសួងអប់រំ យុវជន និងកីឡា បានត្រៀមខ្លួនជាស្រេច នៅក្នុងការរៀបចំនូវក្បូនដង្ហែរម៉ូតូកិត្តិយសចំនួន ១២គ្រឿង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងរបស់អត្តពលិកដណ្ដើមបានមេដាយមាសពិភពលោក ខណៈក្រុមកីឡាវ៉ូវីណាមកម្ពុជា នឹងធ្វើដំណើរមកដល់មាតុភូមិរបស់ខ្លួនវិញ នាវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី០៧ ខែសីហាដើមសប្ដាហ៍ក្រោយ ។
គួរបញ្ជាក់ថា តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ចំពោះការដណ្ដើមបានមេដាយពិភពលោក នឹងទទួលបានប្រាក់រង្វាន់តាមការកំណត់ រួមមានមេដាយមាស ១២០លានរៀល, មេដាយប្រាក់ ៨០លានរៀល និងមេដាយសំរឹទ្ធ ៦៤លានរៀល ៕