(កំពង់ចាម)៖ យោងតាមលក្ខន្តិកៈ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា ក្នុងផ្នែកទី ៦ វិធានទី ៣៣ ស្តីពីសន្និបាតសាខា និងយោងមាត្រា ២៤ កថាខណ្ឌទី ៣ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៧ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានប្រារព្ធសន្និបាតវិសាមញ្ញ ដើម្បីប្រកាសតែងតាំងបន្ថែមអនុប្រធានកិត្តិយសសាខា និងបោះឆ្នោតជ្រើសរើសគណៈកម្មាធិការសាខាថ្មី ដើម្បីដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាមបន្តអាណត្តិទី៤ (២០១៤-២០១៩)។
សន្និបាតវិសាមញ្ញនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ព្រមទាំង សមាជិក-សមាជិកាពេញសិទ្ធិចំនួន ១២៤នាក់ អ្នកសង្កេតការណ៍ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល មន្ទីរពាក់ព័ន្ធ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ២១៦នាក់។
គោលបំណងសំខាន់នៃសន្និបាតវិសាមញ្ញនេះ មាន ២ចំណុចគឺ ៖
១/ ស្តាប់ និងកែលម្អរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុ ដែលសម្រេចក្នុងរយៈពេលកន្លងមក (២០១៤-២០១៧) និងអនុម័តផែនការទិសដៅបន្តអាណត្តិទី ៤ (២០១៤-២០១៩)។
២/ បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខា សមាជិក និងសមាជិកបំរុង ជំនួសប្រធានគណៈកម្មាធិការសាខា និងសមាជិកដែលបានផ្ទេរភារកិច្ច។
ក្នុងឱកាសសន្និបាតវិសាមញ្ញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង លោក លន់ លឹមថៃ និងលោក គួច ចំរើន ជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី ៤ បន្ត បន្ថែមពីលើសមាសភាពអនុប្រធានកិត្តិយសសាខា ដែលមានស្រាប់ចំនួន ១៩នាក់។
ជាមួយគ្នានេះ សន្និបាតវិសាមញ្ញ បានបោះឆ្នោតទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខា ចំនួន ១៦នាក់ ដែលមាន ប្រធាន ១នាក់, អនុប្រធាន ២នាក់, ហេរញ្ញិក ១នាក់, លេខាធិការ ១នាក់, សមាជិក-សមាជិកា ៨នាក់, និងសមាជិកបម្រុង ៣នាក់ ដែលមានសន្លឹកឆ្នោតយល់ព្រមចំនួន ១២១, មិនយល់ព្រមចំនួន ១ និងមិនបានការចំនួន ២ លើសន្លឹកឆ្នោតសរុបចំនួន ១២៤។
ជាចុងបញ្ចប់នៃសន្និបាត លោក ប៉ុង យ៉េន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី ៤ បន្ត បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ អនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់ នូវទិសដៅយុទ្ធសាស្ត្រ និងផែនការសកម្មភាពឱ្យទទួលបានកាន់តែមានប្រសិទ្ធភាព និងទទួលបានការគាំទ្របន្ថែមទៀត៕