(កំពត)៖ ថ្នាំប្រភេទក្រវីជិត១ពាន់គ្រាប់ ត្រូវបានសមត្ថកិច្ចរកឃើញនៅក្នុងសាក់កាដូមួយ ដែលត្រូវបានជនមិនស្គាល់អត្តសញ្ញាណ យកទៅប្លុងចោលនៅក្នុងហាង «បុស្បាមីនីម៉ាត» ស្ថិតនៅភូមិថ្កូវ ឃុំឫស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ។
មន្រ្តីនគរបាលខេត្តកំពត បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅម៉ោង៩៖២០នាទីព្រឹកថ្ងៃនេះ កម្លាំងជំនាញខេត្តកំពត បានសហការជាមួយកម្លាំងនគរបាល ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក។ ក្រោយពីទទួលបានព័ត៌មានពីម្ចាស់ហាង «បុស្បាមីនីម៉ាត» រាយការណ៍ថា មានគេប្លុងចោលសាក់កាដូពណ៌ខៀវ១ នៅក្នុងហាងរបស់គាត់ បន្ទាប់មកកម្លាំងជំនាញខេត្ត រួមជាមួយសមត្ថកិច្ចប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក បានចុះធ្វើការត្រួតពិនិត្យ និងឆែកឆេរ ក្នុងសាក់កាដូ ឃើញមានថ្នាំគ្រាប់ពណ៌ពងក្រសាចំនួន១កញ្ចប់ធំ ដាក់ម៉ាក Reynolds មានចំនួន៩០១គ្រាប់ នឹងមានទម្ងន់ស្មើនិង២៩៩,៤២ក្រាម។
បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ធ្វើតេស្តបានបញ្ជាក់ថា ជាប្រភេទថ្នាំក្រវី (អិចស្ត្រាហ្សី)។ បច្ចុប្បន្នថ្នាំទាំងនេះ ត្រូវបានរក្សាទុកនៅការិយាល័យកណ្តាល ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តកំពត ហើយជំនាញកំពុងស្រាវជ្រាវរកជនសង្ស័យ តាមរយៈការមេរ៉ាសុវត្ថិភាពដើម្បីចាត់ការតាមនីតិវិធី៕