(កំពង់ស្ពឺ)៖ នៅក្នុងរយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋរស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាង៦ពាន់នាក់ មានស្រីចំនួន៣៩០០នាក់ ទទួលបានអំណោយថ្នាំពេទ្យ និងការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ​ដល់គេហដ្ឋាន ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី។

ការចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ចំនួន២៥០នាក់ របស់លោក ហ៊ុន ម៉ានី ប្រព្រឹត្តទៅរយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

អ្នកស្រី ផាន សុខ ប្រជាពលរដ្ឋដែលរស់នៅស្រុកអមលាំង ខេត្តកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា «ថ្ងៃនេះខ្ញុំ និង​​អ្នកភូមិជាច្រើន សូមថ្លែងអំណរ​គុណ​​យ៉ាងជ្រាលជ្រៅ ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តមដែលបានចុះមក ពិនិត្យព្យាលបាល​ជំងឺប្រជា​ពលរដ្ឋ ដោយឥតគិតថ្លៃនេះ ហើយការចុះមកជួយរបស់ក្រុមគ្រូពេទ្យនេះ បានជួយដល់អ្នកភូមិស្រុកច្រើនណាស់ ដូចជាកាត់បន្ថយភាពក្រីក្រ ព្រោះអ្នកភូមិមានជីវភាពក្រីក្រ និងមានអ្នកជំងឺច្រើន។ ខ្ញុំក៏សូមស្នើឲ្យឯកឧត្តម ហ៊ុន ម៉ានី ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកជួយប្រជាពលរដ្ឋឲ្យ បានច្រើនដងថែមទៀត ហើយរយៈពេល៣ថ្ងៃនេះខ្ញុំសង្ឃឹម​ថានឹងជួយព្យាបាលអ្នកស្រុកបានទាំងអស់»

សម្រាប់លោក តាន់ គៀង បានថ្លែងឲ្យដឹងថា «ក្នុងថ្ងៃនេះ ខ្ញុំពិតជាមានភាពរីករាយ សប្បាយចិត្តណាស់ដោយ មានការចុះមកជួយ ពិនិត្យ​ព្យាបាល​​ដោយឥតគិតថ្លៃរបស់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ការចុះមកជួយនេះ បានផ្ដល់ប្រយោជន៍​ច្រើនណាស់ដ៏អ្នកភូមិ ព្រោះអាចជួយកុំឲ្យ​អ្នកស្រុកភូមិចំណាយលុយ ដើម្បីទិញថ្នាំ ហើយខ្ញុំក៏ដូចជាអ្នកភូមិ សូមស្នើសូមឲ្យ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចុះមកជួយប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងញឹកញាប់»

ក្នុងរយៈពេល២ថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណជា ៦២២៨នាក់ រួមមាន ជំងឺរោគស្រ្ដីចំនួន៦៦១នាក់, ជំងឺផ្លូវចិត្តចំនួន៤៨២នាក់, ជំងឺឬសដូងបាតចំនួន៥៦៩នាក់, ជំងឺសួតចំនួន៤៣៨នាក់, ទឹកនោមផ្អែម​ចំនួន៤៣៥នាក់, កុមារចំនួន៧២៦នាក់, ស្បែកចំនួន៣៥៣នាក់, លើសម្ពាធឈាមចំនួន៥៨៨នាក់, សន្លាក់ចំនួន៤១៨នាក់, មាត់ធ្មេញ​ចំនួន​៣២៤នាក់, អេកូសាស្រ្ដចំនួន៦២៧នាក់, និងជំងឺទូទៅចំនួន៥៧៧នាក់។

ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូល​ដ្ឋានគ្រឹះ​ដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាល​តាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្ត្រី​នៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យ​ពីកំណើត ដឹកនាំប្រទេសជាតិឲ្យ​មានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាម​គោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។

សូមបញ្ជាក់ថា រយៈពេល៥៦ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន​១៩០៤​នាក់ ចុះពិនិត្យនិងព្យាល បាលជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន៧៨លើក ក្នុងនោះព្យាលបាលជូន​ប្រជាពលរដ្ឋបានចំ​នួន​១១២៥៧៧​នាក់ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១២ រហូតដល់ថ្ងៃទី​០៥ ខែសីហា ឆ្នាំ២០១៧៕