(ពោធិ៍សាត់)៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវាលវែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍អន្លង់រាប បានចុះឆ្មក់បង្ក្រាបទីតាំង លេងល្បែងស៊ីសងបៀរអាប៉ោង ឃាត់ខ្លួនអ្នកញៀនល្បែងបាន០៥នាក់ ដកហូតម៉ូតូបាន០៨គ្រឿង និងសម្ភារល្បែងមួយចំនួន។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចប៉ែតសិប ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំង លេងល្បែងស៊ីសង បៀរអាប៉ោងដុះស្លែខាងលើនេះ ធ្វើឡើងដោយមានការបញ្ជាផ្ទាល់ពីលោក សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ និងបានឃាត់ខ្លួនអ្នកញៀនល្បែង០៥នាក់ រួមមាន៖ ១-ឆន មុត ភេទប្រុស អាយុ២៧ឆ្នាំ ២-ទូច ធា ភេទប្រុស អាយុ៤៤ឆ្នាំ ៣-ស៊ុ ប៊ុនធឿន ភេទប្រុស អាយុ៥៣ឆ្នាំ ៤-សុខ តាំង ភេទប្រុស អាយុ៥៥ឆ្នាំ និង៥-ម៉ា ផាត ភេទប្រុស អាយុ៥៣ឆ្នាំ ទាំង៥នាក់នោះរស់នៅភូមិឃុំកើតហេតុខាងលើ។
លោកអធិការបន្តថា វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូ០៨គ្រឿង, មេអាប៉ោង០៥គ្រាប់, ចានអាប៉ោង០១, គម្រប០១, កម្រាល០១, ទូរស័ព្ទ០២គ្រឿង, លុយខ្មែរជាង៨០ម៉ឺនរៀល និងលុយដុល្លារ ១៥០ដុល្លារ។ បច្ចុប្បន្ន ក្រុមអ្នកញៀនល្បែងទាំង០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការនគរបាលស្រុកវាលវែង ដើម្បីចាត់ការបន្តតាមនីតិវិធី៕