(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខណ្ឌ បានក្រើនរំឭកចំពោះ សិស្សានុសិស្សថ្នាក់ទី១២ មួយចំនួន ដាច់ខាតសូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រដើម្បីត្រៀមប្រឡង បាក់ឌុប ឲ្យជាប់ទាំងអស់គ្នានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខ។

នៅក្នុងឱកាសនាំយកថវិកាឧបត្ថម្ភរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ២០១៧នេះ លោក ជា ពិសី បានបញ្ជាក់ថា ប្រសិនបើសិស្សានុសិស្សទាំងអស់ ដែលកំពុងបន្ត សិក្សានៅថ្នាក់ទី១២ ហើយមានចិត្តប្តេជ្ញាខិតខំរៀនសូត្រពិតប្រាកដណាស់ បើទោះបីជា ក្នុងបន្ទប់ទឹក ឫកំពុងបន្ទោបង់ក្នុងបង្គន់ក្ដី ក៏ជាទីកន្លែង ដែលអាចសិក្សាបានដូចគ្នា សំខាន់លើការព្យាយាមតស៊ូអត់ធ្មត់រៀនតែប៉ុណ្ណោះ។

ការក្រើនរំឭកដល់យុវជនជាសិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ដើម្បីប្រឡងឲ្យជាប់បាក់ឌុបនៅពេលខាងមុខនេះត្រូវបាន លោក ជា ពិសី លើកឡើងនៅពេលដែលដឹកនាំ អនុប្រធាន ស.ស.យ.កខណ្ឌ លោក លី កាតាហ្វី ប្រធានការិយាល័យហិរញ្ញវត្ថុខណ្ឌ លោក ឡេង ច័ន្ទវិសិទ្ធិ រួមនិងមន្ត្រីក្រុមការងារយុវជន ស.ស.យ.ក និងយុវជនអ.ម.ត ជាច្រើនាក់ទៀត ដើម្បីចុះទៅសួរសុខទុក្ខ សំណេះសំណាល និងពាំនាំយកថវិកាមួយចំនួន ទៅចែកជូនក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សចំនួន៨៩នាក់ ដែលកំពុងបន្តរៀនសូត្រនៅថ្នាក់ទី១២ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នៃវិទ្យាល័យ «ជា ស៊ីម» ចំរើនរដ្ឋស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពសួរសុខទុក្ខសំណេះសំណាល និងចែកថវិកាក្នុងការលើកទឹកចិត្តដល់សិស្សានុសិស្សចំនួន៨៩នាក់ ខាងលើនេះដែរ លោក ជា ពិសី បានថ្លែងថា ចំពោះប្អូនៗជាយុវជនសិស្សានុសិស្សទាំង៨៩នាក់ ដែលកំពុងបន្តសិក្សានាពេលនេះ ពិតជាមានសំណាងណាស់ ក៏ព្រោះតែមានការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ក្នុងការជួយផ្ដល់ទាំងលើការចំណាយផ្នែកសិក្សារៀនសូត្រផ្សេងៗ គ្រប់បែបយ៉ាង ពីសំណាក់ លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ដូចនេះសំខាន់ណាស់សម្រាប់យុវជន ក្នុងវ័យសិក្សា ដែលបញ្ហាមិនល្អភាគច្រើន ដែលអាចធ្វើឲ្យប៉ះពាល់ដល់ការសិក្សារៀនសូត្រ គួរតែបញ្ជៀសឲ្យបាន ពិសេសត្រូវងាកមកចាប់អារម្មណ៍ ហើយខិតខំប្រែងរៀនសូត្រវិញល្អជាង ដើម្បីត្រៀមប្រឡងបាក់ឌុបឲ្យជាប់ ទាំងអស់គ្នា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខ ដូចពាក្យស្លោកជាច្រើនបានពោលថា «គណនេយ្យល្អ បង្កើតមិត្តល្អនិងប្រសិទ្ធ ភាពការងារ» «ការងារអប់រំ ជាកិច្ចការរបស់សាលារៀន គ្រួសារ និងសហគមន៍» «បង្រៀន រៀន និងស្រាវជ្រាវ ជាកិច្ចការរបស់គ្រូបង្រៀន» «ជុំរុញសិស្សដែលរៀនខ្សោយ ដោយមិនពន្យឺតសិស្សរៀនពូកែ» «ម្លប់ឈើត្រជាក់ទាក់អ្នកដំណើរ សាលាល្អប្រសើរទាក់អ្នកសិក្សា» «វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើងថ្កាន» «សំណាងពឹងចំណេះ ប្រាជ្ញប្រាយចេះពឹងគម្ពីរ» «គ្រប់គ្រងល្អ បង្រៀនល្អ រៀនល្អ» ជាការពិតណាស់ ឲ្យតែយើងជាយុវជនសិស្សានុសិស្សទាំងអស់ប្តេជ្ញាមានចិត្តព្យាយាមសិក្សា បើទោះបីជា ក្នុងបន្ទប់ទឹក កំពុងបន្ទោបង់ក្នុងបង្គន់ក្ដី គ្រប់កាលៈទេសៈ ក៏យើងនូវតែសឹក្សារៀនសូត្របានដូចគ្នា ព្រោះសំខាន់លើការតស៊ូ អត់ធ្មត់និងព្យាយាម តែប៉ុណ្ណោះ។

លើសពីនេះ លោក ជា ពិសី ក៏បានផ្ដល់ជាថវិកា ក្នុងការលើកទឹកចិត្តចំពោះសិស្សានុសិស្ស ដែលកំពុងបន្តសិក្សារៀនសូត្រនៅថ្នាក់ទី១២ និងត្រៀមប្រឡងបាក់ឌុបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ខាងមុខ ចំនួន៨៩នាក់ ដោយក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងលោកនាយក លោកគ្រូ អ្នកគ្រូចំនួន៥នាក់ ដោយក្នុងម្នាក់ៗ២ម៉ឺនរៀលផងដែរ៕