(ព្រះវិហារ)៖ ស្ថាប័នរដ្ឋ៣នៅខេត្តព្រះវិហារ បានទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាន បន្ទាប់ពីនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋាន ចំណេះដឹង និងបរិស្ថានបានវាយតម្លៃយ៉ាងសុក្រិត និងយកចិត្តទុកដាក់ ពីការគិតគូចូលរួមចំណែកគាំពារបរិស្ថាន។ ពិធីនេះបានធ្វើឡើងកាលពីព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ក្រោមវត្តមានលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងកម្មវិធីប្រគុំតន្ត្រីមេត្រីភាពបរិស្ថាន នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប។
ស្ថាប័នរដ្ឋ៣ដែលទទួលបានប័ណ្ណសរសើរមេត្រីភាពបរិស្ថាន រួមមាន៖ សាលាខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ។
សូមបញ្ជាក់ថា នៅក្នុងពិធីប្រគល់បណ្ណ័សរសើរនៅនេះ គេសង្កេតឃើញមានភាគច្រើន មកពីវិសយ័ឯកជនដូចជា៖ តាមសណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងកំសាន្តផ្សេងៗ ដែលម្ចាស់អាជីវកម្ម បានខិតខំធ្វើងឡើងក្នុងន័យទាក់ទាញអតិថិជនក្នុងមុខរបររកស៊ីរបស់គេតែប៉ុណ្ណោះ។ ដោយឡែកចំពោះស្ថាប័នរបស់រដ្ឋ គឺមានតិចតួចបំផុត។
ដូច្នេះស្ថាប័នរបស់រដ្ឋ៣នៅក្នុងខេត្តព្រះវិហារ ដែលបានទទួលប័ណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថាននៅពេលនេះ គឺជាមោទនភាពបំផុតបើធៀប និងខេត្តផ្សេងៗ ដែលករណីនេះ គួរតែស្ថាប័នរដ្ឋ និងវិស័យឯកជនផ្សេងទៀត នៅក្នុងខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ ក្នុងការគិតគូរពីការថែរក្សាបរិស្ថាន អនាម័យឲ្យបានល្អ នៅតាមកន្លែងរៀងៗខ្លួន ដើម្បីឲ្យក្រុងព្រះវិហារ ក្លាយជាទីក្រុងបៃតងទទួលបានពានរង្វាន់ នៅពេលប្រឡងប្រណាំងទីក្រុងស្អាត ទូទាំងប្រទេសនៅឆ្នាំក្រោយ។
អភិបាលខេត្តព្រះវិហារលោក អ៊ុន ចាន់ដា ធ្លាប់បានប្តេជ្ញាចិត្តថា នៅក្នុងអាណត្តិរបស់លោក លោកនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីប្រែក្លាយក្រុងព្រះវិហារ ទៅជាទីក្រុងបៃតង ដោយក្នុងនោះលោកបានអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋចូលរួមដាំដើមឈើ និងសំអាតបរិស្ថានជុំវិញខ្លួនយើងឲ្យស្អាត ដើម្បីត្រៀមក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនៅឆ្នាំក្រោយៗ។
នាឱកាសនោះដែរលោកស្រី ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា តាមរយៈការប្រគំតន្រ្តីមេត្រីភាពបរិស្ថាននេះ នឹងជំរុញការផ្សព្វផ្សាយបន្ថែម ដល់សាធារណជន និងយុវជនឲ្យចេះស្រឡាញ់ ចូលចិត្តបរិស្ថាន ការចូលរួមការពារធានធានធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការរស់នៅប្រកបដោយចីរភាព ហើយប្រជាសហគមន៍ ក៏អាចទទួលបានការយល់ដឹងពីមេត្រីភាពបរិស្ថាន និងលើកកម្ពស់កម្រិតជីវភាពបន្ថែមទៀតផងដែរ ដោយក្នុងនោះការចូលរួមពី វិស័យឯកជនក៏ជាផ្នែកមួយ ក្នុងការលើកកម្ពស់ក្នុងការប្រត្តិបត្តិបៃតងល្អប្រកបដោយមេត្រីភាពបរិស្ថាន ដើម្បីឱ្យការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាព។
គូបញ្ជាក់ថា ក្នុងការប្រគំតន្រ្តីនេះ គឺមានការបង្ហាញជូននូវការប្រគំបទចំរៀង ដែលមានអត្តន័យ ផ្សព្វផ្សាយពីទីក្រុងបៃតង មេត្រីភាពបរិស្ថានផ្តើមចេញពីយើង និងមានការសំដែងបទចំរៀងអប់រំបរិស្ថាន ដោយសិស្ស សាលាបឋមសិក្សាវត្តបូព៌ ផងដែរ។ ក្នុងព្រឹត្តិការណ៍ នៃការប្រគំតន្រ្តីនេះ ក៏មានការដាក់បង្ហាញពីផលិតផល ដែលបានមកពីការកែច្នៃសំរាម ដែលមានដូចជា កាបូប រូបចម្លាក់ និងរូបសត្វ ជាដើម ដើម្បីបង្ហាញពីការចូលរួមរបស់យុវជន ក្នុងការអប់រំផ្សព្វផ្សាយ ដែលមានជាច្រើនរូបភាពទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការស្រឡាញ់វប្បធម៌។ ជាមួយគ្នានេះ ក៏មានការចែកជូននូវវិញ្ញាណប័នប័ត្រ ដល់អ្នកដែលប្រតិបត្តិករមេត្រីភាពបរិស្ថានបានល្អផងដែរ៕