(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងប្រាប់ទៅកាន់មន្ត្រីនគរបាលទាំងឡាយណា ដែលមិនទាន់បានឡើងឋានន្តរស័ក្តិ ខណៈចូលបម្រើការងារលើសឆ្នាំនោះ សូមរាយការណ៍មករូបលោកផ្ទាល់ តាមរយៈការសរសេរសំបុត្រ ឬតាមរយៈឆាត Facebook ក៏បាន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានដាក់ផែនការដល់មន្ត្រីនគរបាលទូទាំងខេត្តកំង់ធំ ត្រូវពង្រឹងការងារ តួនាទី ភារកិច្ចរបស់ខ្លួនថែមទៀត ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ ២០១៧ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការដល់គ្រប់ផែន គ្រប់ការិយាល័យ និងអធិការក្រុង-ស្រុកទាំងអស់ ត្រូវត្រួតពិនិត្យទៅលើមន្ត្រីឲ្យបានច្បាស់លាស់ ដោយមានបញ្ជីវត្តមាន ហើយពិនិត្យទៅលើមន្ត្រីណា ដែលខិតខំអនុវត្តការងារបានដោយគោរពវិន័យ តួនាទីភារកិច្ចបានត្រឹមត្រូវ គឺមិនចាំបាច់យកដុល្លារមកទិញតួនាទី ឬឋានន្តរស័ក្តិនោះទេ (សុំឲ្យលុបបំបាត់ចោលនូវទង្វើនេះចេញឲ្យអស់ទៅ) ចំពោះមន្ត្រីអសកម្មដែលមិនមកធ្វើការងារ ត្រូវទទួលវិន័យរបស់មន្ត្រីនគរបាលទៅតាមកម្រិត កុំប្រឡែមប្រឡំនៅតែក្រោមឃ្លៀក ដរាបណាលោកនៅជាស្នងការខេត្ត អ្វីដែលបានប្រជុំនៅគណៈស្នងការ ត្រូវយកមកអនុវត្ត កុំឲ្យប្រជុំបានតែមាត់ការអនុវត្តផ្សេង។
លោកបានបញ្ជាក់ច្បាស់ៗថា «មន្ត្រីនគរបាលទាំងអស់ ត្រូវកែខ្លួនដោយពង្រឹងវិន័យឲ្យបានព្រមគ្នា ដោយចេញពីបេះដូងខ្លួនផ្ទាល់ មិនមានអ្នកណាបង្ខិតបង្ខំចំពោះមន្ត្រីចាស់ៗ ត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្មេងៗ ទាំងការស្លៀកពាក់ ដោយមានការរៀបចំឯកសណ្ឋាន អត្តចរិតសុភាពរាបសារទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងការងារ មន្ត្រីទាំងអស់ត្រូវពង្រឹងសមត្ថភាព ដោយខ្លួនឯង ដោយហ្វឹកហាត់នៅនឹងកន្លែង តាមបណ្តាផែនរបស់ខ្លួន ដោយបង្កើតជាវគ្គខ្លីៗពាក់ព័ន្ធទៅនឹងវិន័យកងកម្លាំង ត្រូវកែប្រែឥរិយាបថពីអ្នកដឹកនាំ ពីអ្នកគ្រប់គ្រងពីអ្នកបញ្ជា ទៅជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងកិច្ចការងារសហគមន៍ផង ដូចជា ជួយក្នុងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ច្រូតកាត់»។
លោកស្នងការក៏បានសំណូមពរដល់មន្ត្រីតាមផែន តាមការិយាល័យ និងអធិការក្រុងស្រុកទាំអស់ ត្រូវចេះបំផុសចលនារកកម្លាំងពីសហគមន៍ ក្នុងការប្រមូលធនធានថវិកា សម្រាប់កសាងប៉ុស្តិ៍ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ គ្រប់អធិការនគរបាលក្រុង-ស្រុកទាំងអស់ ត្រូវមានរបបប្រជុំច្បាស់លាស់ជាមួយមន្ត្រីក្រោមឱវាទ ហើយត្រូវធ្វើអ្វីៗត្រូវដាក់លើតុ ត្រូវពិនិត្យអំពីផែនការយុទ្ធសាស្ត្រ ដើម្បីបង្ការទប់ស្កាត់នូវបទល្មើសភេរវកម្ម កុំមានតែឯកសារ។
ត្រូវសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ និងស៊ីជម្រៅនូវមុខសញ្ញាលាបពណ៌ ពពួកបំពុលបរិយាកាស ដែលធ្វើឲ្យបង្កបញ្ហាក្នុងសង្គម ត្រូវជំរុញការផ្សព្វផ្សាយពីការបង្ការ ការបង្រាបឲ្យបានដល់ប្រជាពលរដ្ឋបន្តទៀត សហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ និងជំនាញផ្សេងៗដើម្បីក្តាប់នូវមុខសញ្ញាចែកចាយគ្រឿងញៀន ត្រូវពិនិត្យ និងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ដោយមិនមានការយកប្រាក់ ត្រូវមានផែនការចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ ក្រីក្រលំបាក និងមានជម្រកសមរម្យ ដើម្បីលើកទឹកចិត្តដល់ពួកគាត់ដែលបានខិតខំបម្រើប្រទេសជាតិមាតុភូមិ៕