Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋ៧០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកប្រាសាទសំបូរ បានទទួលអំណោយសង្គ្រោះជាបន្ទាន់ ពីអភិបាលខេត្តកំពង់ធំ

05-08-2017 12:46

(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្ត បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋចំនួន៧០គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សកម្មភាពនេះ ធ្វើឡើងនាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ នៅតំបន់ជម្លៀលពីការលិចលង់នៅភូមិចារ្យ ឃុំសំបូរ ស្រុកប្រាសាទសំបូរ មករកទីទួលសុវត្ថិភាព តំបន់ព្រៃខ្លាចំនួន ៣២គ្រួសារ និងតំបន់គម្ពោតឈូកចំនួន ៣៨គ្រួសារ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក ឈុន ឈន់ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទសំបូរ រួមនិងសហការី ផងដែរ។

លោក សុខ លូ បានឲ្យដឹងថា ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ពេលនេះ ដោយសារមានការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ មិនដូចគណបក្សមួយ ចំនួនបានតែថា តែមិនដែលឃើញធ្វើនោះទេ។

អំណោយដែលបានចែកជូនប្រជាពលរដ្ឋចំនួន ៧០គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ តង់១ កន្ទេល១ ធុងដាក់ទឹក១ និងធុងទឹក ចម្រោះ១ ផងដែរ។

លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទំាងអស់ ត្រូវខិតខំដាំបន្លែបង្ការវិលជុំ ថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាតជាដើម ជាពិសេសនៅក្នុងរដូវវស្សានេះ ត្រូវគេងក្នុងមុងជានិច្ច នៅពេលមានខ្យល់ ឬភ្លៀង ហាមជ្រកក្រោមដើមឈើធំៗឲ្យសោះ៕