(ភ្នំពេញ)៖ សិល្បករ-សិល្បការិនី ល្បីៗជាច្រើនដួង មកពីគ្រុបក្រុមគ្រួសារតារាកម្ពុជា បានអញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ ក្នុងព្រឹត្តិកាណ៍សប្បុរសធម៌ មួយមានឈ្មោះថា «មួយម៉ឺនអាល័យ!» ដែលជាកម្មវិធីរៀបចំឡើងដោយក្រុម «ព្រះសូរីយា» ដើម្បីស្វែងរកថវិកា ជួយដល់សិល្បករ-សិល្បការិនី ចាស់ជរា បាត់បង់សមត្ថភាព គ្មានទីពឹង ដែលពួកគាត់ បានបន្សល់ទុកនូវស្នាដៃសិល្បៈ វប្បធម៌ខ្មែរ ដល់កូនចៅជំនាន់ក្រោយ ជាច្រើន។
លោក យាង វណ្ណី ប្រធានក្រុមព្រះសូរិយា បានថ្លែងឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមព្រះសូរិយា បានរៀបចំកម្មវិធី «មួយម៉ឺនអាល័យ» ម្ដងរួចមកហើយ ដោយទទួលបានការគាំទ្រ ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាអ្នកសិល្បៈវ័យក្មេង និងយុវវ័យជាច្រើន ផងដែរ។
ប្រធានក្រុមព្រះសូរិយារូបនេះ បានបន្តឲ្យដឹងទៀតថា កម្មវិធី «មួយម៉ឺនអាល័យ» ធ្វើឡើងក្នុងគោលបំណង៣សំខាន់ ទី១ គឺលើកយកភាពយន្តចាស់ៗ កាលពីមុនសម័យខ្មែរក្រហម យកបញ្ចាំងជូនមហាជនទស្សនាឡើងវិញ, ទី២ គឺដើម្បីឲ្យមហាជនយល់ដឹងពីតម្លៃ នៃខ្សែភាពយន្តពីសម័យដើម ដែលយើងមិនអាចបំភ្លេចបាន និងវិសាលភាពនៃភាពយន្តខ្មែរ នៅតាមប្រទេសជិតខាង និងទី៣ គឺក្នុងគោលបំណងរៃអង្គាសថវិកា ទ្រទ្រង់ដល់ក្រុមព្រះសូរិយា និងជួយដល់អ្នកសិល្បៈចាស់ជរា គ្មានទីពឹងជាដើម។
លោក យាង វណ្ណី ប្រធានក្រុមព្រះសូរិយា បានបញ្ជាក់ឲ្យដឹងថា រូបលោករួមនិងសមាជិកក្រុម បានបង្កើតកម្មវិធីសប្បុរសធម៌មួយ មានឈ្មោះថា «មួយម៉ឺនអាល័យ» ដើម្បីស្វែងរកថវិកាជួយដល់សិល្បករចាស់ និងជួយទ្រទ្រង់ដល់សកម្មភាព ស្រាវជ្រាវរបស់ក្រុមព្រះសុរិយា។ កម្មវិធី «មួយម៉ឺនអាល័យ» នេះ រៀបចំដោយក្រុមព្រះសុរិយា ដោយមានការ គាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានការឧបត្ថម្ភកម្មវិធី ពីក្រុមហ៊ុនធំំៗមួយចំនួនទៀត ដូចជា ក្រុមហ៊ុន វីតាល់ ជាដើម។
លោក យាង វណ្ណី បានបញ្ជាក់ឲ្យដឹងថា កម្មវិធីសប្បុរសធម៌ «មួយម៉ឺនអាល័យ» ជាកម្មវិធីប្រមូលយករឿងពីសម័យកាលមុន និងតារាភាពយន្តពីទសវត្សទី៦០ និង៧០ បង្ហាញដល់បងប្អូនទស្សនិកជន សារជាថ្មី។
គួរបញ្ជាក់ថា រាល់ចំណូលដែលបានពីការលក់សំបុត្រ ចូលរួមទស្សនាខ្សែភាពយន្ត ពីទសវត្សទី៦០ និង៧០នេះ នឹងយកទៅជួយ និងគាំទ្រដល់សិល្បករចាស់ៗ ដែលគ្មានលទ្ធភាព និងក្រខ្សត់ គ្មានទីពឹង។ សម្រាប់សំបុត្រចូលទស្សនា គឺលក់ក្នុងតម្លៃ ២០០០០រៀល៕