(ភ្នំពេញ)៖ ក្រោយពីបានចោទប្រកាន់លោកឧកញ៉ា សុខ ហេង និងឈ្មោះ នុត រស្មី ពីបទ «ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» រហូតចៅក្រមចេញដីកាឃុំខ្លួន ជាបណ្តោះអាសន្ននោះ ស្រាប់តែថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ លោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តចោទប្រកាន់លោកឧកញ៉ា សុខ ហេង និងបក្ខពួកមួយបទចោទបន្ថែមទៀត ពាក់ករណីក្លែងឯកសារបន្លំយកដីពលរដ្ឋ។

យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ របស់លោកស្រី ស៊ឺ វណ្ណនី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧នេះ បានចោទប្រកាន់លោកឧកញ៉ា សុខ ហេង និងគូកនពីបទ «ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ យោងតាមមាត្រា៦២៦ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក វ៉ាន់ សែនវិសុទ្ធ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនឧកញ៉ា សុខ ហេង ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្នរង់ចាំបន្តនីតិវិធី។ ប៉ុន្តែការសម្រេចឃុំខ្លួននេះ គឺឃុំខ្លួនតែឧកញ៉ា សុខ ហេង ប៉ុណ្ណោះខណៈបក្ខពួករបស់គាត់ផ្សេងទៀត មិនមានការចោទប្រកាន់ឡើយ។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញលោក យ៉េត ចរិយា បានសួរនាំលោកឧកញ៉ា សុខ ហេង និងបក្ខពួកពាក់ព័ន្ធរឿងដីធ្លី ដែលត្រូវបានគេចោទប្រកាន់ថា ក្លែងឯកសារ និងបោះបង្គោលរំលោភដីរបស់គេ នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ លោក សុខ ហេង ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមមាត្រា២៥៣ នៃច្បាប់ភូមិបាល»។

សូមបញ្ជាក់ថា កម្លាំងកងរាជរាជអាវុធហត្ថរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនឧកញ៉ា សុខ ហេង នៅចំណុចភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ ឧកញ៉ា សុខ ហេង អាយុ៥១ឆ្នាំ ទីលំនៅផ្ទះលេខ៧៨WF ផ្លូវបេតុងច្រកទី៥ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ, ឈ្មោះ នុត រស្មី ភេទប្រុស ជាជំនួយការផ្ទាល់ឧកញ៉ា សុខ ហេង ទីលំនៅភូមិកោះបៀ ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងឈ្មោះ យន់ ម៉ៅ ភេទប្រុស ទីលំនៅភូមិត្នោតខ្ពស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕