(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានថ្លែងឲ្យដឹងថា ដើម្បីសម្រួលដល់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) របស់សិស្សដែលមកពីស្រុកឆ្ងាយៗ ក្នុងខេត្តកំពង់ស្ពឺ មកប្រឡងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ អាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រ រួមទាំងអង្គការក្រៅរាជរដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានរួមគ្នារៀបចំកន្លែង ស្នាក់នៅដល់សិស្សចំនួន១៨ទីតាំង ដើម្បីឲ្យពួកគាត់ស្រួលស្នាក់ ក្នុងកំឡុងពេលប្រឡងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ានី ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចំនួន២៥០នាក់ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៤សីហា ម្សិលមិញ។
តាមការបញ្ជាក់របស់លោក ហ៊ុន ម៉ានី គោលបំណងសំខាន់ នៃគម្រោងស្នាក់នៅ សម្រាប់សម័យប្រឡងថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ខាងមុខនេះ គឺដើម្បីជួយសម្រួលការចំណាយ និងផ្តល់កន្លែងស្នាក់នៅមួយ ដែលមានសុវត្ថិភាព ទៅដល់ក្រុមសិស្សានុសិស្សដែលមកពី តំបន់ឆ្ងាយៗ។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «យើងបានគ្រោងទុកកន្លែងស្នាក់នៅដល់ប្អូនៗដែល មកពីបណ្ដាលស្រុកដាច់ស្រយាល ឆ្ងាយៗដែលគ្រោងនឹងទៅប្រឡងបាក់ឌុប ក្នុងមណ្ឌលក្រុងច្បារមន ដោយបានចាត់ចែងចំនួន១៨កន្លែង សម្រាប់ស្នាក់នៅរួមមានវត្ត, ផ្ទះសំណាក់ និងកន្លែងស្នាក់នៅរបស់គរុសិស្សផងដែរ ដើម្បីជួយសម្រួលដល់ប្អូន ដែលទៅពីស្រុកផ្សេងៗដូចជា ស្រុកឆ្ពង ស្រុកឳរ៉ាល់ និងស្រុកភ្នំស្រួច ទៅស្នាក់នៅទីនោះ នៅថ្ងៃទី២១ និង២២ ដើម្បីប្រឡង»។
លោកបានថ្លែងទៀតដែរថា ការរៀបចំកន្លែងស្នាក់នៅ សម្រាប់សិស្សប្រឡងបាក់ឌុប នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺនេះ បានរៀបចំឡើង ចំនួន២ឆ្នាំកន្លងរួចមកហើយ ក្រៅពីនោះក្រុមការងារខេត្តកំពង់ស្ពឺ ក៏បានជួយក្នុងការបង្រៀននូវវគ្គបំប៉នបន្ថែម សម្រាប់សិស្សត្រៀម ប្រឡងផងដែរ ដោយវគ្គបំប៉ននេះ បានធ្វើឡើងរយៈពេល៣ឆ្នាំរួចមកហើយ។
សូមជម្រាបថា រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានស្នើឲ្យអភិបាលរាជធានី-ខេត្តទាំង២៥ត្រូវទប់ស្កាត់កុំមាន ការដំឡើងថ្លៃសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីជួយសម្រាលបន្ទុកដល់បេក្ខជន ដែលមកពីគ្រួសារមានជីវភាពលំបាក ក្នុងឱកាសប្រឡង បាក់ឌុប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែសីហាខាងមុខនេះ។
ក្រៅពីការទប់ស្កាត់កុំឲ្យមានការតម្លើងថ្លៃនេះ លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុង ក៏បានប្រាប់ថ្នាក់ដឹកនាំខេត្ត សម្រួលរៀបចំឲ្យសិស្សស្នាក់នៅ ក្នុងវត្ត និងសាលារៀនដែលនៅជិតមណ្ឌលប្រឡង, សម្រួលចរាចរណ៍ដើម្បីឲ្យបេក្ខជនបានចូលប្រឡងទាន់ពេលកំណត់, ការផ្ញើកង់ ម៉ូតូ និងស្ថិរភាពចរន្ដអគ្គិសនី នៅតាមមណ្ឌលប្រឡង៕