(សៀមរាប)៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ចុះប្រគល់ផ្ទះមនុស្សធម៌ទី២៨ ដែលផ្ដួចផ្ដើមដោយលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាជូនគ្រួសារលោកតា ណែម វន់ អាយុ៨៥ និងលោកយាយ អ៊ុន នួន អាយុ៦៥ឆ្នាំ ជាគ្រួសារទីទ័លក្រខ្លាំង មានជំងឺប្រចាំកាយ និងមានកូនស្រីម្នាក់ នៅភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ។
លោកស្រីអនុប្រធានគណៈកម្មាធិការសាខា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកស្រី គួយ ណាលីន ក៏បានផ្តាំផ្ញើដល់សមាជិកគ្រួសារ ត្រូវចេះសម្អាត ថែរក្សា ផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។
អំណោយសម្រាប់សង្កត់ផ្ទះរួមមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកបរិសុទ្ធ៥យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន។ សម្រាប់លោកតា លោកយាយ ដែលចូលរួមម្នាក់ៗ ទទួលបានថវិកាមួយចំនួផងដែរ។ ជាមួយគ្នានេះដែរ ព្រះអនុគណស្រុក ក៏បានប្រទាននូវទ័យទាន និងថវិកាមួយចំនួន ដល់គ្រួសារលោកតា លោកយាយផងដែរ។
បន្ទាប់ពីប្រគល់ផ្ទះមនុស្សធម៌រួច លោកស្រី និងសហការីបានបន្ដជួបសួរសុខទុក្ខលោកតា ឃុត ចឿង អាយុ៧២ឆ្នាំ ជាចាស់ជរាពិការ និងជាអតីតភូមិច្រនៀង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ៕