(ភ្នំពេញ)៖ វិស័យអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន កំពុងតែក្ដៅ និងមានការប្រកួតប្រជែងជាច្រើន ដោយឃើញថាមានក្រុមហ៊ុនអចលនទ្រព្យជាច្រើនត្រូវបានបង្កើតឡើង នឹងមានភ្នាក់ងារបំរើការងាជាច្រើនផងដែរ។ ប៉ុន្ដែអ្វីដែលជាបញ្ហាប្រឈមនោះគឺភ្នាក់ងារមិនមានសមត្ថភាព និងខ្វះបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញការងារ។ នេះតាមការឲ្យដឹងរបស់អ្នកជំនាញវិស័យ អចលនទ្រព្យកម្ពុជាដែលបានឲ្យដឹងក្នុង កម្មវិធីភាពជោគជ័យរបស់ភ្នាក់ងារលក់អចលវត្ថុ នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
លោក ឧកញ៉ា សៀរ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Worldridge Grop of Companies បានថ្លែងឲ្យដឹងថា «បើនិយាយពីភ្នាក់ងារសព្វថ្ងៃនេះថាខ្វះក៏មិនខ្វះ ថាលើសក៏មិនលើសនោះទេ ប៉ុន្ដែភ្នាក់ងារទាំងអស់នោះ គាត់មានបទពិសោធន៍តិចតួចណាស់ក្នុងការប្រកបរបអាជីវកម្មរាល់ថ្ងៃ ពីព្រោះពួកគាត់មិនបានឆ្លងកាត់ការសិក្សានោះទេ បើនិយាយពីប្រទេសដទៃវិញគ្រប់ភ្នាក់ងារទាំងអស់គឺត្រូវតែឆ្លងកាត់ការសិក្សាជាមុនសិន ដើម្បីឲ្យមានភាពងាយស្រួលក្នុងការលក់អ្វីមួយ រីឯកម្ពុជាវិញគឺចេះតគ្នា ដោយមិនបានឆ្លងកាត់សាលាឬ បទបង្ហាញរបស់វាគ្មិនមុនៗនោះទេ នេះជាហេតុដែលធ្វើឲ្យពួកគាត់មិនអាចទាន់ទទួលយកបាន»។
ជាមួយគ្នានោះលោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានថ្លែងឲ្យដឹងដែរថា «សព្វថ្ងៃនេះយើងមានភ្នាក់ងារអចលនវត្ថុជាច្រើន ដែលធ្វើការក្នុងផ្នែកលក់នេះ សមាគមមួយមានសមាជិកដែលជាអ្នកលក់គឺរាប់ពាននាក់ ហើយយើងកំពុងខ្វះខាត់ភ្នាក់ងារអចលនវត្ថុដែលខ្វះសមត្ថភាព សម្រាប់ចំនួនមនុស្សវិញគឺមានច្រើនណាស់ ខ្វះតែអ្នកដែលមានសមត្ថភាពតែប៉ុណ្ណោះ ហើយដើម្បីបង្កើតចំណេះដឹងរបស់ពួកគាត់បានគឺយើងត្រូវតែ រៀបចំការបណ្ដុះបណ្ដាលសិក្ខាសាលា ការប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ»។
សូមជម្រាបថា វេទិការសាធារណៈ ស្ដីពីភាពជោគជ័យរបស់ភ្នាក់ងារលក់អចលនវត្ថុខាងលើ គឺជាវេទិការមួយ ដែលមានអ្នកមានបទពិសោធន៍មកពីបណ្ដាលក្រុមហ៊ុននានា ចូលរួមចែករំលែកបទពិសោធន៍ និងផ្ដល់អត្ថប្រយោជន៍ជាច្រើន៕