(ភ្នំពេញ)៖ ស្រាបៀរអង្គរ ជាស្រាបៀរ ដែលទទួលបានការគំាទ្រខ្ពស់ជាងគេបំផុតនៅកម្ពុជា បានរួមសហការ ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាថ្មីម្តងទៀត ដើម្បីចាប់ដៃគ្នាគាំទ្រ និងលើកស្ទួយអត្តពលិកជាតិ ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃ១៩ ដល់៣០ ខែសីហា ឆ្នាំ២០១៧ នេះតទៅ ។
ជាការលើកទឹកចិត្ត ស្រាបៀរអង្គរ បានអំពាវនាវ ឲ្យបងប្អូនដែលមានឈាមជ័រជាខ្មែរទាំងអស់ ឲ្យក្រោកឡើងគាំទ្រវីរៈកីឡាកររបស់យើង តាមរយៈបទចម្រៀងមួយបទ ក្រោមចំណងជើងថា «កម្លាំងចិត្តបេះដូងខ្មែរ» បទចម្រៀងមួយបទនេះ ដែលជាកិច្ចសហការគ្នា ជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាផ្នែកមួយនៃយុទ្ធនាការទីផ្សារថ្មី របស់ស្រាបៀរអង្គរ ក្រោមប្រធានបទ #ឆន្ទៈយើងបេះដូងយើង ដែលយុទ្ធនាការនេះ បានឆ្លុះបញ្ចាំងពីស្មារតី របស់បេះដូងខ្មែរ ដូចដែលកីឡាករគ្រប់រូប បានបង្ហាញឲ្យឃើញនាពេលនេះស្រាប់ ដើម្បីឈានទៅដណ្តើមយកជ័យជំនះ ក្នុងការប្រកួតកីឡាស៊ីហ្គេមឆាប់ៗខាងមុខនេះ។
ចម្រៀងវីដេអូនេះត្រូវបានចូលរួមសម្តែង និងច្រៀងដោយសិល្បៈករ និងសិល្បៈការិនីល្បីៗ នៅក្នុងប្រទេសកម្ពុជា រួមមាន អេដា ប្រុសឡា ហេងពិទូ សួនពិសិដ្ឋ និង វង្សតារារតនា។ ចំណែកពីខាងអត្តពលិកវិញ រួមមាន កីឡាការិនីជិះកង់ ហេង ស៊ីវឡាង កីឡាករគុណខ្មែរ មឿន សុខហ៊ុច កីឡាការិនី ប៉េតង់ អ៊ុក ស្រីមុំ កីឡាករតេក្វាន់ដូ ប៉ាន់ ខេមារា និងកីឡាករបាល់ទាត់ សំអឿនពិដោរ។
វីដេអូចម្រៀង ដែលអ្នកមានទស្សនាជាង ១.៥លានដង លើបណ្តាញទំនាក់ទំនងសង្គម ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍នេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីជ្រុងមួយទៀត របស់អត្តពលិក ដែលពុំធ្លាប់បានបង្ហាញឲ្យឃើញកន្លងមក នូវការលះបង់ តស៊ូគ្រប់បែបយ៉ាង ក្នុងការហ្វឹកហាត់ ទោះជាហត់កំលាំងកាយយ៉ាងណា ក៏មិនបោះបង់ ដែលទាំងនេះ ស្តែងចេញពីបុគ្គលិកលក្ខណៈ របស់ខ្មែរយើង ដែលបានបន្សល់ មកតាំងពីបុរាណកាលមក។ មួយវិញទៀត បទចម្រៀងនេះក៏បានបង្ហាញឲ្យ ឃើញពី ការរួមគ្នា ជាធ្លុងមួយ ពីសំណាក់ខ្មែរគ្រប់មជ្ឈដ្ឋាន ក្នុងការគាំទ្រ និងលើកទឹកចិត្ត ដល់អត្តពលិក គ្រប់កាលៈទេស។
អ្នកនាង តេ ឈួយហ៊ូន នាយកគ្រប់គ្រងទីផ្សារ ក្រុមហ៊ុនស្រាបៀរកម្ពុជាខេមប្រ៊ូវ បានឲ្យដឹងថា «បើនិយាយដល់រឿងកីឡា យើងជឿជាក់ថា ឆន្ទៈជាអ្វីមួយ ដែលកីឡាករគ្រប់រូប មិនអាចខ្វះបាន ពោលគឺ មានឆន្ទៈទើបមានជ័យជម្នះ មានឆន្ទៈទើបកីឡាករម្នាក់ៗអាចឈានដល់កំរិតមួយទៀត។ ម្យ៉ាងទៀតឆន្ទៈ ជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីទឹកចិត្តបេះដូងខ្មែរ ហើយវាគឺជាអ្វីដែលស្រាបៀរអង្គរ តែងតែបង្ហាញឲ្យឃើញម្តងហើយម្តងទៀត»។
អ្នកនាង បានបន្តទៀតថា «បទចម្រៀង កម្លាំងចិត្តបេះដូងខ្មែរ នេះបានបង្ហាញ អំពីការរួបរួមគ្នាជាធ្លុងមួយ ក្នុងការគំាទ្រអត្តពលិក ដោយមិនគិតពីលទ្ធផលចាញ់ ឬឈ្នះ ពោលគឺអត្តពលិកទាំងអស់ គឺជាដើមចមនៃមោទនភាព របស់ជាតិទាំងមូល»។
ដើម្បីជាការផ្តល់កំលាំងចិត្តបន្ថែមទៀត ស្រាបៀរអង្គរក៏បានរៀបចំពិធីជប់លៀងជូនដំណើរជាពិសេសជូនដល់វិរៈកីឡាករ កីឡាការិនី ដែលនឹងត្រូវចេញដំណើរ ទៅកាន់ប្រទេសម៉ាឡេស៊ី ក្នុងពេលខាងមុខនេះ។ នៅក្នុងពិធីជប់លៀងនោះដែរ ក៏មានការសម្តែងផ្ទាល់នូវបទ «កម្លាំងចិត្តបេះដូងខ្មែរ» រួមជាមួយការបង្ហាញជីវប្រវត្តិសង្ខេបរបស់កីឡាករ កីឡាការិនី ដែលបានចូលរួមសម្តែង នៅក្នុងចម្រៀងវីដេអូនោះ។
ថ្លែងនៅក្នុងពិធី អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានលើកឡើងផងដែរថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងតែកោតសរសើរ និងសាទរចំពោះទង្វើរបស់ស្រាបៀរអង្គរ ដែលតែងតែបានឧបត្ថម្ភ និងជ្រោមជ្រែងវិស័យកីឡាជាតិ ជាបន្តបន្ទាប់ ក្នុងរយៈពេលជិតមួយទសវត្សកន្លងមកនេះ ដើម្បីជាកិច្ចតបស្នងដល់អត្តពលិក ដែលបានខិតខំហ្វឹកហាត់ និងលះបង់ដោយស្មារតីមោះមុតបំផុត សម្រាប់ជាតិយើង។យើងជឿជាក់ថា កិច្ចសហការនេះ នឹងជួយលើកកម្ពស់ស្តង់ដាកីឡាជាតិ ឲ្យឈានដល់កំរិតមួយតទៀត ជាពិសេសនឹងជួយត្រួសត្រាយផ្លូវ សម្រាប់អត្តពលិកជាតិយើងជំនាន់ក្រោយ ដើម្បីឲ្យពួកគេមានសមត្ថភាពកាន់តែរឹងមាំ ដើម្បីដណ្តើមយកពានរង្វាន់នានាលើឆាកសកលលោក»។
បន្ថែមពីលើវីដេអូចម្រៀង ស្រាបៀរអង្គរក៏បានផ្តល់ឱកាសដល់អតិថិជនចំនួន១០រូប ឲ្យបានចូលរួមស្រែកហ៊ោរគាំទ្រអត្តពលិកជាតិ នៅក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេម នៅទីក្រុងកូឡាឡំាពួរ នៅថ្ងៃ ១៩ ខែសីហាខាងមុខនេះដោយផ្ទាល់។ ដើម្បីឈ្នះសំបុត្រចូលរួមនេះ អតិថិជនគ្រាន់តែបង្ហាញនូវការគាំទ្រចំពោះអត្តពលិក តាមរយៈការចូលរួមប្រកួតវីដេអូច្រៀងបទកម្លាំងចិត្តបេះដូងខ្មែរ វគ្គរឺហ្រាំង រយៈពេល ៣០វិនាទី នៅលើហ្វេសប៊ុក។ ការប្រកួតនេះបានចាប់ផ្តើមតាំងពីថ្ងៃ ២៤ ខែកក្កដា ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១៧ខាងមុខនេះ។
រីឯអតិថិជនដែលមិនបានឈ្នះការចូលទស្សនាផ្ទាល់ក៏អាចលើកកែវគាំទ្រអត្តពលិកជាតិពីចំងាយបានដែរ ហើយពួកគេនឹងទទួលបានកន្សែងកីឡាជាកាដូរ នៅពេលទិញស្រាបៀរអង្គរ ពីទីតាំងលក់ស្រាបៀរមួយចំនួនក្នុងប្រទេសកម្ពុជា។ សម្រាប់ពត៌មានបន្ថែមសូមចូលទៅកាន់ fb.com/AngkorBeerOfficial៕