(ភ្នំពេញ)៖ កម្លាំងចម្រុះប្រចាំសាលាខណ្ឌសែនសុខ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានចុះទៅផ្អាកការសាងសង់សំយ៉ាបផ្ទះលក់គ្រឿងទេសមួយកន្លែងយីហោ «អេលីណា សប» ជាលើកទី២ ក្រោយពីម្ចាស់ទីតាំងព្យាយាមសង់សំយ៉ាបផ្ទះរំលោភលើចំណីផ្លូវ ដែលមានទីតាំងនៅផ្លូវ១៩៧៤ កែងផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អាជ្ញាធរមូលដ្ឋានបានប្រាប់ថា កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ក្រោយពីឃើញម្ចាស់ទីតាំងខាងលើបានដាំបង្គោលដែកបម្រុងធ្វើសំយ៉ាបរំលោភលើចំណីផ្លូវនោះ អាជ្ញាធរបានប្រាប់ម្តងហើយថា មិនឲ្យធ្វើទេ តម្រូវឲ្យរុះរើចេញវិញ ប៉ុន្តែម្ចាស់ទីតាំងខាងលើមិនបានស្តាប់ការណែនាំឡើយ ដោយឆ្លៀតចាក់ស៊ីម៉ង់សរសរ ដើម្បីឲ្យរឹងមាំទៀតផង។ ទើបនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ កម្លាំងចម្រុះសាលាខណ្ឌសែនសុខបានចុះទៅផ្កាកម្តងទៀត។
តាមប្រភពដែលបានឃើញជាក់ស្តែងនៅទីនោះបានបន្តថា ពេលកម្លាំងអាជ្ញាធរចុះនោះបានប៉ះទង្គិចជាពាក្យសម្ដីមួយប្រាវផងដែរ តែមិនមានការប្រើហិង្សាឡើយ។ បន្ទាប់ពីការប៉ះទង្គិចគ្នាមួយប្រាវរួចមក ខាងម្ចាស់ផ្ទះខាងលើបានសុំ និងសំណូមពរដល់អាជ្ញាធរមូលដ្ឋានទុកពេលឲ្យគាត់មួយថ្ងៃ គឺថ្ងៃទី០៤ សីហានេះ ដើម្បីធ្វើការរុះរើចេញដោយខ្លួនឯង បើគាត់មិនរុះទេអាជ្ញាធរមូលដ្ឋានធ្វើអ្វីក៏ធ្វើទៅគាត់ឈប់តវ៉ាហើយ។
ក្រោយពីឯកភាពគ្នារួចហើយ អាជ្ញាធរមូលដ្ឋានក៏យល់ព្រមទុកពេលឲ្យម្ចាស់ផ្ទះខាងលើ រយៈពេលមួយថ្ងៃទៀត ហើយបានដកកម្លាណចេញអស់៕