(ភ្នំពេញ)៖ ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហានេះ បានសរសេរផ្ញើជូន នាយកសហគ្រាស៖ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ»។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល។
* តាមទឹកប្រាក់អត់បង់ពន្ធ 25,756,015,695 រៀលនេះ ប្រហាក់ប្រហែលជាង៦លានដុល្លារសហរដ្ឋអាមេរិក។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងសុំការបំភ្លឺពីសារព័ត៌មាន Cambodia Daily បាននៅឡើយនោះទេ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
កាសែត Cambodia Daily ត្រូវបានគេដឹងថា ជាកាសែតរបស់អាមេរិកាំង ហើយតែងតែចូលចិត្តសរសេររិះគន់ខ្លាំងៗទៅលើរដ្ឋាភិបាល និងចូលចិត្តសរសេរទម្លាយព័ត៌មានសំងាត់របស់រដ្ឋាភិបាលផងដែរ ប៉ុន្តែពេលនេះត្រូវបានបណ្តាញទំនាក់ទំនងសង្គមទម្លាយឯកសារអត់បង់ពន្ធនេះវិញហើយ៕