(ស្វាយរៀង)៖ ស្ដ្រីវ័យក្មេងអាយុ១៨ឆ្នាំម្នាក់ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ «Good Luck» ដែលគ្រួសារកំពុងស្វែងរក ដោយអះអាងថា បាត់ខ្លួននៅពេលជិះឡានតាក់ស៊ីពីភ្នំពេញ ទៅក្រុងបាវិត កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧នោះ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ សមត្ថកិច្ចប្រទះឃើញសាកសពត្រូវបានគេរំលោភសម្លាប់។
លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា នារីរងគ្រោះដែលត្រូវរំលោភសម្លាប់នេះ ឈ្មោះ សុខ ម៉ាលីន អាយុ១៨ឆ្នាំ បុគ្គលិកកាស៊ីណូ Good Luck ក្នុងក្រុងបាវិត មានទីលំនៅនៅខេត្តព្រះវិហារ ហើយប្រទះឃើញសព នៅកណ្ដាលវាលស្រែង ក្នុងភូមិតាពៅ សង្កាត់បាទី ក្រុងបាវិត។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នារីជនរងគ្រោះត្រូវបានក្រុមគ្រួសារមកប្ដឹងថា បានបាត់ខ្លួននៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ដោយមុនពេលកើតហេតុ ស្ដ្រីរងគ្រោះបានទៅលេងឪពុកម្ដាយនៅស្រុកកំណើតឯខេត្តព្រះវិហារ ហើយបានត្រឡប់មកវិញឈប់នៅបេនឡានផ្សារអូឡាំពិក រាជធានីភ្នំពេញ រួចឡើងឡានបន្ដមកក្រុងបាវិត ដែលជាទីកន្លែងធ្វើការ។
លោកស្នងការ បានបញ្ជាក់ថា បើតាមការសាកសួរពីក្រុមគ្រួសារនារីរងគ្រោះ នៅពេលនាងជិះរថយន្ដតាមផ្លូវគ្រួសារបានតេសួរថា ជិះឡានមកដល់ណាហើយ ពេលនោះនារីរងគ្រោះថា មកដល់ម្ដុំផ្សារជីភូ ក្រុងបាវិត ស្រាប់តែពេលនោះក៏បាត់ដំណឹងតែម្ដង។ ក្រោយបាត់ដំណឹងភ្លាមក្រុមគ្រួសារបានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យនគរបាលជួយអន្ដរាគមន៍តាមរក។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ទោ កឹង ឃន បន្ថែមថា ជុំវិញករណីរំលោភសម្លាប់នេះ កម្លាំងនគរបាលជំនាញរបស់លោក កំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីរកឃាតកមកផ្ដន្ទទោសឲ្យខាងតែបាន។
ជាមួយគ្នានោះ លោកស្នងការ ស្ថានភាពគ្រួសាររបស់ស្ដ្រីរងគ្រោះមានសភាពក្រលំបាកខ្លាំងណាស់ សូម្បីតែលុយដឹកសាកសពទៅធ្វើបុណ្យនៅស្រុកកំណើត ខេត្តព្រះវិហារក៏គ្មានផង ប៉ុន្ដែលោកបានឲ្យឡានសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកសពយកទៅស្រុកកំណើតផងដែរ៕