(ភ្នំពេញ)៖ យ៉ាងហោចណាស់ ក៏មានអតិថិជនដែលបង់លុយកក់ទិញផ្ទះល្វែង និងខុនដូរាប់សិបនាក់ដែល បាននាំគ្នាទៅតវ៉ាដល់ភូមិ គ្រឹះរបស់លោកឧកញ៉ា ប៊ុណ្ណច័ន្ទ គ្រឹះស្នា ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន ដើម្បីទាមទារដកយកលុយកក់វិញ ដោយ ពួកគាត់បារម្ភថាគម្រោងសង់ផ្ទះល្វេង និងខុនដូសំរាប់លក់ របស់លោកឧកញ៉ាជាគម្រោងខ្យល់ ព្រោះប្រកាសលក់យូរហើយ តែមិន ឃើញសកម្មភាពសាងសង់។
ការលើកគ្នាទៅតវ៉ានេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ នៅមុខទីស្នាក់ការក្រុមហ៊ុនស្ថិតនៅភូមិគ្រឹះលេខ៥៧ ផ្លូវលេខ៥៧ កែង៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។ តាមអតិថិជនដែលនាំគ្នាទៅតវ៉ា សុំដកយកលុយកក់វិញបានអោយដឹងថា ក្រុមហ៊ុនរបស់ឧកញ៉ាប៊ុណ្ណច័ន្ទ គ្រឹះស្នា បានប្រកាសលក់ គម្រោងផ្ទះល្វែង ដែលមានទីតាំងនៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញក្នុងទំហំ ៤.២ម៉ែត្រគុណ១០ម៉ែត្រ តម្លៃ ១៨,៦៩០ដុល្លារ។
ក្រោយប្រកាសលក់ ក៏មានអតិថិជនទៅបង់លុយកក់ទិញជាបន្តបន្ទាប់ ខ្លះបង់បាន៥០ភាគរយ ខ្លះទៀតបង់បាន២០ភាគរយ តែរហូតមកដល់ពេលនេះ មានរយៈពេលជាច្រើនខែហើយ គេមិនបានឃើញខាងក្រុមហ៊ុន បញ្ចេញសកម្មភាពសាងសង់អ្វីឡើយ សូម្បីតែ ទីតាំងដី និងផ្ទះគម្រូអោយអតិថិជនមើលក៏មិនមានផង។ ដូច្នេះហើយ ទើបពួកគាត់មានការសង្ស័យ ក៏ទៅសុំដកយកលុយកក់វិញ។
ចំណែក អតិថិជនម្នាក់ទៀតដែលបង់លុយ ទិញគម្រោងសាងសង់អាគារខុនដូរបស់ លោកឧកញ៉ា ប៊ុណ្ណច័ន្ទ គ្រឹះស្នា នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ក៏បានអះអាងថា ខ្លួនបានបង់លុយទិញបន្ទប់ខុនដូនេះ ដោយបង់លុយកក់បាន៤ខែ មកហើយ គឺកក់លុយតាំងពីក្រុមហ៊ុននេះ ប្រកាសលក់គម្រោងនៅខែសីហា ឆ្នាំ២០១៦មកម្ល៉េះ។ ក្រោយកក់ និងបង់លុយប្រចាំខែ ជាបន្តបន្ទាប់បាន៤ខែ ខ្លួនមើលឃើញថាការសាងសង់ មិនមានសកម្មភាពខ្លួនក៏ផ្អាកបង់លុយ ហើយរហូតមកដល់ពេលនេះ គឺជិត១ឆ្នាំទៅហើយ នៅតែមិនមានសកម្មភាពសាងសង់ដដែរ។ ដូច្នេះហើយ ទើបខ្លួនមកតវ៉ាសុំដកយកលុយកក់វិញ តែខាងក្រុមហ៊ុនគេមិនព្រមបង្វិលលុយកក់ អោយវិញទេ ដោយគេសន្យានឹងសាងសង់ទៅតាម ការសន្យាដោយ មិនបោះបង់គម្រោងនោះទេ។
ពាក់ព័ន្ធករណីអតិថិជន ចោទប្រកាន់ថាឧកញ៉ា ប៊ុណ្ណច័ន្ទ គ្រឹះស្នា ប្រកាសលក់គម្រោងសាងសង់ផ្ទះល្វែង និងខុនដូខ្យល់នេះ នៅរសៀលថ្ងៃ ទី៤ ខែសីហា ឆ្នាំ២០១៧នេះ fresh news មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧកញ៉ាប៊ុណ្ណច័ន្ទ គ្រឹះស្នា បានឡើយ តែកាលពីថ្ងៃម្សិលមិញ គេឃើញលោកឧកញ៉ា បានចេញសេចក្ដីជូនដំណឹងមួយពាក់ព័ន្ធ ទៅនឹងគម្រោងសាងសង់ផ្ទះល្វែង នៅភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌ ដង្កោល លោកបានអះអាងថា ការយឺតយ៉ាវនេះ ដោយសារតែបញ្ហាផ្លូវចូល តែឥឡូវលោកកំពុងធ្វើការ ដោះស្រាយទិញដីធ្វើផ្លូវចូលបានហើយ ដូចនេះគម្រោងនេះ នឹងធ្វើហើយតាមកិច្ចសន្យា។
ដោយឡែកនៅព្រឹកមិញនេះ ខណៈអតិថិជនទៅតវ៉ាសុំដកលុយកក់វិញ គឺខាងក្រុមហ៊ុនមិន ព្រមប្រគល់លុយកក់អោយវិញនោះទេ តែខាងក្រុមហ៊ុនបានធ្វើកិច្ចសន្យា ជាមួយអតិថិជនដោយធានាថា បើខ្លួនទិញដីមិនបានទេខ្លួននឹង បង្វិលលុយអោយអតិថិជនវិញ នៅចុងខែសីហានេះ តែបើទិញដីបាន អតិថិជនអាចបន្តបង់លុយកក់ ក្នុងការទិញគម្រោងផ្ទះល្វែងនេះជាបន្តទៀត ហើយបើក្រុមហ៊ុនមិនអាចអនុវត្តបានតាមកិច្ចសន្យាទេ ក្រុមហ៊ុននឹងសងជំងឺចិត្ត ថ្លៃខូចខាតក្នុងម្នាក់៥,០០០ដុល្លារ៕