(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញា២រូប គឺលោក ងិន ពេជ្រ និងខាំ សុផារី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថខណ្ឌ និងនគរបាលប៉ុស្តិ៍បឹងកក់២ ព្រមទាំងកម្លាំងប្រជាការពារជាច្រើននាក់ បានចុះអនុវត្តសាលដីការរបស់តុលាការ រឹបអូសផ្ទះរបស់លោកលោក យិន សុវណ្ណនី នៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ពាក់ព័ន្ធរឿងក្តីជាយូរឆ្នាំមកហើយ ជាមួយលោក ឡៅ ស៊ុនប៉ា អតីតអភិបាលខេត្តកណ្ដាល។
បើតាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ស្ថានភាពនៅផ្ទះអនុវត្តសាលដីកាខាងលើ មានសភាពផុយស្រួយនឹងគ្រោះថ្នាក់បំផុត ដោយ សារតែភរិយារបស់លោក យិន សុវណ្ណនី និងក្រុមគ្រួសារដែលជាម្ចាស់ផ្ទះមិនសុខចិត្ត និងមិនព្រមឲ្យរឹបអូសផ្ទះរបស់គាត់ឡើយ ដោយបានកាន់បដានិងរូបថត សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ស្រែកខ្លាំងៗថា អយុត្តិធម៌ណាស់ និងបានយករថយន្តឡង់គ្រីស័រមួយគ្រឿងមកដាក់ រាំងនៅមុខផ្ទះ និងបានយកសាំងចំនួន២ប៊ីដុង មកចាក់ស្រោចលើរថយន្តនោះ ត្រៀមដុតដើម្បីរារាំងមិនឲ្យសមត្ថកិច្ចអនុវត្តសាលដីកា។
ជុំវិញករណីនេះ ភរិយាលោក យិន សុវណ្ណនី បានលើកឡើងថា អ្នកស្រីមិនសុខចិត្តទេ ចំពោះការរឹបអូសនេះ ព្រោះថាផ្ទះអ្នកស្រីមានតម្លៃជាង៥០ម៉ឺនដុល្លារ ឯណោះ ហើយលុយដែលជំពាក់ មានមិនដល់៥០ម៉ឺនដុល្លារទេ លើសពីនេះអ្នកស្រីធ្លាប់បានសងលុយ ទៅដើមបណ្តឹងអស់ជាង២០ម៉ឺនដុល្លារ មកហើយ ហេតុ អីបានជាមករឹបអូសយកផ្ទះ អ្នកស្រីទៅអោយភាគីឈ្នះក្ដីយ៉ាងដូច្នេះ។
យ៉ាងណាបើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ស្ថានភាពព្រឹកមិញ ពេលព្រះរាជអាជ្ញាចុះទៅអនុវត្តគឺមានសភាពគ្រោះថ្នាក់មែនទែន ព្រោះតែភាគី ម្ចាស់ផ្ទះដែលចាត់ទុកថា ខ្លួនរងនូវភាពអយុត្តិធម៌នេះ បានត្រៀមប្រេងសាំងត្រៀមចាក់ដុត ដោយមិនខ្លាចប៉ះពាល់ដល់អាយុជីវិតនោះឡើយ ដែលស្ថានភាព បែបនេះ បានធ្វើអោយព្រះរាជអាជ្ញា សម្រេចដកកម្លាំងចេញវិញសិន នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល៕