(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានកំណត់យកថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះតទៅ ដើម្បីជួបសំណេះសំណាល សួរសុខទុក្ខកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រផ្សេងៗ នេះបើយោងតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី។
បើតាមលទ្ធផលផ្លូវការនៃកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី ដែលបង្ហាញនៅល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យរៀងរាល់សប្ដាហ៍ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧តទៅ ដើម្បីទទួលជួបសំណេះសំណាល និងសួរសុខទុក្ខ កម្មករ និយោជិក នៅតាមបណ្ដារោងចក្រដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការនានា»។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនៅព្រឹកមិញនេះ បានប្រកាសថា សម្ដេច នឹងចុះទៅតាមបណ្ដារោចក្រដើម្បីស្វែងយល់បន្ថែម នូវស្ថានការណ៍ និងជីវភាពរបស់កម្មករ កម្មការិនី, នេះបើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និទ្ធរវាងសម្ដេច និងកម្មករបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕