(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រារព្ធពិធីប្រគល់ វិញ្ញាបនបត្រ ប័ណ្ណសរសើរ ដល់និស្សិតពូកែប្រចាំឆ្នាំ ប្រចាំឆមាស និស្សិតឆ្នើមផ្នែកសរសេរភាសាអង់គ្លេស និងលិខិតតែងតាំងប្រធាន-អនុប្រធានថ្នាក់ នៅសាលសន្និសីទ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
ក្នុងឱកាសនេះលោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានថ្លែងបញ្ជាក់ថា នេះជាលើកទី៦ ហើយ ដែលសាកលវិទ្យាល័យបានរៀបចំកម្មវិធីនេះឡើង ហើយពិធីនេះ បានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ របស់គណៈគ្រប់គ្រង លើការពង្រឹងគុណភាពក្នុងការសិក្សា និងលើកទឹកចិត្តដល់ការដឹកនាំចាត់ចែង ក្នុងថ្នាក់របស់និស្សិតគ្រប់កម្រិតសិក្សា តាំងពីថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
លោកបណ្ឌិត ក៏បានលើកឡើងថាភាពជានិមិត្តរូប អ្នកមានកិត្តិយស កេរ្តិ៍ឈ្មោះ ភាពល្បីល្បាញ និងជាគំរូគេ គឺផ្តើមចេញពីនិស្សិតពូកែក្នុងការសិក្សា រីឯភាពជាអ្នកដឹកនាំ ឬក្លាយជាអ្នកដឹកនាំ គឺផ្តើមចេញពីការធ្វើប្រធាននិងអនុប្រធានថ្នាក់នេះឯង។ ជាមួយគ្នានេះលោកបណ្ឌិត ក៏បានជំរុញនិងលើកទឹកចិត្តដល់ប្រធាន និងអនុប្រធានថ្នាក់ទាំងអស់ ឱ្យខិតខំបំពេញភារកិច្ចក្នុងតួនាទីជាអ្នកគ្រប់គ្រងថ្នាក់បន្ថែមទៀត ដើម្បីចូលរួមចំណែក ក្នុងការរក្សាបាននូវគុណភាពសិក្សារបស់យើងទាំងអស់គ្នា ជាពិសេសនិស្សិតពូកែ ដែលទទួលបានអាហារូបករណ៍ទាំងអស់ ឱ្យខិតខំសិក្សាបន្ថែមទៀតដើម្បីរក្សាបាននូវលទ្ធផលសិក្សាដ៏ល្អប្រសើរនេះ ហើយចែករំលែកនូវបទពិសោធន៍ វិធីសាស្រ្តក្នុងការសិក្សាដែលទទួលបានជោគជ័យទៅមិត្តរួមថ្នាក់ និងនិស្សិតផ្សេងៗទៀតដើម្បីឱ្យពួកគាត់ទទួលបានលទ្ធផលល្អក្នុងការសិក្សាដូចខ្លួនដែរ។
ទន្ទឹមនឹងនេះដែរ លោកបណ្ឌិតបានធ្វើការផ្សព្វផ្សាយពីចក្ខុវិស័យ បេសកកម្ម គោលបំណង និងផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យជូនដល់អង្គពិធីទាំងមូលផងដែរ។
សូមរំលឹកផងដែរថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) សូមជូនដំណឹងដល់និស្សិតទាំងអស់ (ទាំងនិស្សិត AEU និងគ្រឹះស្ថានផ្សេងៗ) អញ្ជើញមកចុះឈ្មោះ បន្តកាសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី២-ទី៣ និងថ្នាក់អនុបណ្ឌិត បណ្ឌិត លើគ្រប់មុខជំនាញ។
ព័ត៌មានលម្អិតសូមទំនាក់ទំនង៖ 015 72 00 72, 012 48 17 38 ឬWebsite: www.aeu.edu.kh, Facebook: www.facebook.com/AEUCambodia៕