(ភ្នំពេញ)៖ មេធាវីម្នាក់ឈ្មោះ លី ច័ន្ទតុលា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ បានដាក់ពាក្យប្តឹង លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ ដោយចោទថា បានសរសេរលើ Facebook ប្រើប្រាស់ពាក្យពេចន៍មួយចំនួន ប្រមាថមេធាវី ថាជាសត្វគោ ដែលរូបលោកមិនអាចទទួលយកបានឡើយ, ប៉ុន្តែករណីនេះត្រូវបានលោក វ៉ាន់ ពុទ្ធិពល បដិសេធវិញថា លោកមិនបានប្រៀបធៀបមេធាវីជាសត្វគោល ដូចការចោទប្រកាន់ឡើយ គឺជាការយល់ច្រឡំប៉ុណ្ណោះ។
ការប្រតិកម្មឈានដល់ការដាក់ពាក្យប្តឹងនេះ ត្រូវបានគេដឹងថា កើតឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ និងគណៈមេធាវីកម្ពុជា បានបើកសិក្ខាសាលារួមគ្នាមួយ ស្តីពី «កាតព្វកិច្ចបង់ពន្ធរបស់មេធាវី» នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ ដោយភាគីទាំងពីរពិភាក្សាដេញដោលគ្នាយ៉ាងតឹងរឹងមួយ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាគ្នានេះ លោក វ៉ាន់ ពុទ្ធិពល នៅយប់ថ្ងៃដដែលនោះ បានបង្ហោះនូវលើ Facebook របស់លោកដោយសរសេរថា «ថ្ងៃនេះថ្នាក់លើប្រើទៅឲ្យប្រមូល គោបញ្ជូលក្រោលដើម្បីថែរក្សាឲ្យគត់មត់។ គោមួយចំនួនធំបានចូលក្រោលត្រឹមត្រូវ វៀរលែងតែ អាពាល អាត្នោត និង អាទែក វាធ្លាប់តែនៅធ្វើព្យុះធ្វើភ្លៀងនៅក្រៅ ដើរជាន់ដំណាំ ស៊ីដំណាំអ្នកស្រុក កៀចមិនព្រមចូលក្រោល។ មិនត្រឹមតែកៀច វាចង់ជល់ហើយធាក់ខ្ញុំទៀត សុំសួរប្រិយមិត្ត តើអា៣ក្បាលហ្នឹង សមនឹងចាក់កន្លុះឲ្យតឹង ហើយសំពងនឹងទំពក់រនាស់ឲ្យបាក់លោងទេ ? សើច !»។
ពាក្យពេចន៍របស់លោក វ៉ាន់ ពុទ្ធិពល សរសេរលើ Facebook យ៉ាងដូច្នេះបានធ្វើឲ្យគណៈមេធាវីប្រតិកម្ម និងបានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី០៤ ខែសីហានេះ ដោយកោះប្រជុំគណៈមេធាវី ជាបន្ទាន់មួយ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២ គឺទី១៖ ពិនិត្យ និងពិភាក្សាលើបញ្ហានៃការបង់ពន្ធរបស់មេធាវី និងទីពិនិត្យ និងពិភាក្សា លើការវាយប្រហារលើមេធាវី របស់លោក វ៉ាន់ ពុទ្ធិពល តំណាងអគ្គនាយកដ្ឋានពន្ធដារ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក វ៉ាន់ ពុទ្ធិពល បានចេញមកបដិសេធ និងអះអាងថា ជាការយល់ច្រឡំប៉ុណ្ណោះ អត្ថន័យរបស់លោកសរសេរលើ Facebook មិនសំដៅលើមេធាវីឡើយ ប៉ុន្តែបើពាក្យពេចន៍ដែលលោកបានសរសេរនោះ ប៉ះពាល់ដល់មេធាវីគ្រប់រូបឲ្យលោកសុំទោស។ លោកបានលើកឡើងទៀតថា ពាក្យពេចន៍របស់លោកសរសេរ គឺជាពាក្យលេងសើច ចំពោះមន្ត្រីកូនចៅរបស់លោកប៉ុណ្ណោះ ដែលមានកូនចៅរបស់លោកខ្លះ បំពេញការងារមិនបានល្អ ហើយពួកគេស្គាល់ និងគោរពលោកចំពោះការលេងសើចទាំងនោះ។
លោក វ៉ាន់ ពុទ្ធិពល បានសរសេរឆ្លើយតបនៅក្នុង Facebook លោកថា «ខ្ញុំគិតថាជាការយល់ច្រឡំដូចពាក្យចាស់ថា «អូសសម្រាស់ប្រទះពាក្យ» ខ្ញុំសរសេររឿងគោ គឺសំដៅទៅលើមន្ត្រីក្រោមឱវាទមួយចំនួន ដែលមិនព្រមសម្របខ្លួន តាមកំណែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមគោលដៅយុទ្ធសាស្ត្រ កៀរគរចំណូលរបស់រាជរដ្ឋាភិបាល ដោយឆ្លៀតយកសិទ្ធិអំណាចរបស់ខ្លួន ទៅអនុវត្តខុសច្បាប់ និងក្រមសីលធម៌របស់មន្ត្រីរាជការ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ខ្ញុំសូមបញ្ជាក់ថា សំណេររបស់ខ្ញុំពុំមានពាក្យ «មេធាវី» ហើយក៏ពុំបានសំដៅដល់ស្ថាប័នមេធាវី ដែលជាស្ថាប័នឯករាជ្យនោះដែរ។ ការប្រើពាក្យគោ ក្នុងទស្សនៈធៀបទៅនឹងការប្រើប្រាស់មន្ត្រីក្រោមឱវាទ ដួចជា ប្រើគោឲ្យស៉ីស្នៅផង ប្រើមើលតែគោក្របី ។ល។ ម៉្យាងទៀត ពាក្យគោក៏មិនមែនជាពាក្យអាក្រក់ដែរ ឥណ្ឌាខ្លះគោរពគោជាអាទិទេព ខ្មែរយើងមានជំនឿលើគោ (ឧសភរាជ) ក្នុងការព្យាករណ៍ផលកសិកម្ម។ អាស្រ័យហេតុនេះ ប្រសិនបើសំណេររបស់ខ្ញុំ មានការប៉ះពាល់ដល់មេធាវី ដោយកត្តាណាមួយ ខ្ញុំសូមឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ដែលជាមេធាវីទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំ»៕