Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀន៤កញ្ចប់ បញ្ជូនទៅតុលាការខេត្ត

04-08-2017 16:56

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន បានធ្វើការចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ធំ និង១កញ្ចប់តូច។

ការចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅចំណុចចំការកៅស៊ូមួយ ស្ថិតនៅក្នុងភូមិថ្មដារ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំកម្លាំងដោយលោក ឡុង ថាវរិន្ទ អធិការរងទទួលផែនយុត្តិធម៌ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧។

ក្នុងកិច្ចសហការបង្ក្រាបនោះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួន ឈ្មោះ រ៉េត មៅ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងឆែកឆេររកឃើញនូវម្សៅក្រាមពណ៌ស សង្ស័យថាគ្រឿងញៀនចំនួន១កញ្ចប់ធំ ដែលលាក់ទុកក្នុងដបអ៊ីតាន់ (ICHITAN)។ បន្ទាប់ពីធ្វើការឃាត់ និងឆែកឆេររកវត្ថុតាងដែលលាក់ទុកក្នុងដបអ៊ីតាន់(ICHITAN)នោះ កម្លាំងបាននាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរចម្លើយ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រ៉េត ម៉ៅ បានប្រាប់ថា ម្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀនចំនួន១កញ្ចប់ធំនោះ ត្រូវបានឈ្មោះ ករីប កាម៉ាល់ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ-ឥស្លាម រស់នៅភូមិមេមត់ថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាអ្នកប្រើខ្លួនឲ្យទៅលក់នៅចំណុចចំការកៅស៊ូខាងលើ។

ក្រោយពីបានទទួលចម្លើយសារភាពភ្លាម លោកអធិការនគរបាលស្រុកមេមត់ បានសុំយោបល់ទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីឲ្យកម្លាំងនគរបាល ចុះទៅសហការជាមួយលោកមេឃុំមេមត់ លោកមេភូមិមេមត់ថ្មី ធ្វើការត្រួតពិនិត្យឆែកឆេរទៅលើលំនៅឋានរបស់ឈ្មោះ ករីប កាម៉ាល់។

ជាលទ្ធផលនៃការឆែកឆេរ សមត្ថកិច្ចជំនាញបានរកឃើញនូវម្សៅក្រាមពណ៌សសង្ស័យថាគ្រឿងញៀនចំនួន២កញ្ចប់ធំ, ១កញ្ចប់តូច, សំភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត បញ្ជូនមកកាន់អធិការដ្ឋានគរបាលស្រុកមេមត់។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមេមត់ ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕