(ក្រចេះ)៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បានផ្ដួចផ្តើមគំនិតបង្កើតមូលនិធិទ្រទ្រង់សកម្មភាព បង្ក្រាបគ្រឿងញៀន និងស្មើសុំមិត្តរួមជំនាន់ ដែលធ្លាប់បានសិក្សានៅវិទ្យាល័យជាមួយគ្នា ដើម្បីបង្កើតមូលនិធិនេះឡើង សម្រាប់ទ្រទ្រង់ដល់សកម្មភាពប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅក្នុងខេត្ត។
ការប្រកាសពីគោលជំហរ និងឆន្ទៈប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន បានធ្វើឡើងក្នុងពិធីជួបជុំអារហារសាមគ្គី រវាងលោកជាមួយមិត្តភក្កិរួមជំនាន់ សុទ្ធសឹងមានដើមកំណើតនៅខេត្តក្រចេះ ដែលបានធ្វើឡើងយ៉ាងឱឡារឹកកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ក្នុងនោះក៏មានវត្តមានអ្នកសារព័ត៌មានក្នុងខេត្តចូលរួមផងដែរ។
ក្នុងឱកាស នៃការផ្តើមធ្វើមូលនិធិខាងលើនេះ ក៏មានសប្បុរសជនជាច្រើននាក់ បានបរិច្ចាគថវិកាចូលរួមជាបន្តបន្ទាប់ ដោយពួកគាត់លើកឡើងថា ពួកគាត់នឹងមាន លទ្ធភាពជួយគាំទ្រលើមូលនិធិតាមលទ្ធភាព ជាថវិកា និងកម្លាំងចិត្ត ហើយអ្វីដែលចង់បានមកវិញនោះ គឺធ្វើយ៉ាងណាឲ្យសហគមន៍គ្មានគ្រឿងញៀន។
ជាមួយនិងគំនិតផ្តួចផ្តើមធ្វើជាមូលនិធិដើម្បីប្រមូលថវិកាសម្រាប់ផ្គត់ផ្គង់ ដល់សម្មភាពបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងខេត្ត ដែលជាគំនិតផ្តួចផ្តើមដំបូងបង្អស់របស់ ព្រះរាជអាជ្ញាអមសាលាដំបូខេត្ត ក៏មានការគាំទ្រពីស្ថាប័នកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាសាធារណជននានា នៅជុំវិញខេត្តផងដែរ។
ស្របជាមួយនិងការបង្កើតមូលនិធិសប្បុរសជន សម្រាប់ទ្រទ្រង់ដល់សកម្មភាពបង្រ្កាបគ្រឿងញៀននេះ ក៏មានការគាំទ្រពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ និងក៏បានបរិច្ចាគថវិកាមួយចំនួនរួចមកហើយ ជាមួយគ្នានោះសម្រាប់រូបលោកកែវ សុជាតិ ក៏បានឧបត្ថមថវិការផ្ទាល់ខ្លួនរួចជាស្រេចផងដែរ។
លោក កែវ សុជាតិ បានអំពាវនាវឲ្យសាធារណជន ចូលរួមសហការទាំងអស់គ្នា ដោយគាំទ្រលើកម្លាំងកាយចិត្ត ដើម្បីរួមចំណែកក្នុងយុទ្ឋនាការបង្រ្កាបគ្រឿងញៀន ក្រោមការដឹកនាំដោយស្ថាប័នអយ្យការខេត្តក្រចេះ ក្រោមពាក្យស្លោកថា ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។ លោកបានបង្ហាញពីគោលជំហរ ឆន្ទៈលើការប្រយុទ្ឋប្រឆាំងគ្រឿងញៀន ក្នុងទឹកដីខេត្តក្រចេះ ឲ្យបានកំរិតអតិបរិមា។
ការបង្កើតមូលនិធិនេះផងដែរ ក៏ត្រូវបានសារធារណជន ក៏ដូចជាអង្គការសង្គមស៊ីវិល មានមូលដ្ឋាននៅខេត្តក្រចេះ ដែលកន្លងមកមានក្តីបារម្ភចំពោះស្ថានភាពគ្រឿងញៀន ដែល ជាភាពស្មុគស្មាញមួយដ៏ធំសម្រាប់សង្គមកម្ពុជាបច្ចុប្បន្ន និងចាត់ទុកថា ជាមេរោគសង្គមយ៉ាងធ្ងន់ធ្ងរទៀតផងនោះ។ ពួកគាត់បានសម្តែងការគាំទ្ររយ៉ាងពេញទំហឹងលើគំរោង ការបង្កើតមូលនិធិមួយនេះ និងក៏មានជំនឿថា សកម្មភាពការផ្តើមមូលនិធិពិតជាទទួលផលវិជ្ចមាន លើយុទ្ធនាការបោសសំអាត។
តាមរបាយការណ៍ស្តីពីការបង្រ្កាបបទល្មើសគ្រឿងញៀន នៅខេត្តក្រចេះសម្រាប់ ឆ្នាំ២០១៦ កន្លងទៅគឺបង្រ្កាបបានចំនួន៦៨ករណី។ ករណីដែលបង្រ្កាបបានទាំងនោះរួមមាន ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន បានចំនួន៤៥ ករណីឃាត់ខ្លួនមនុស្ស១០១នាក់ស្រី២០នាក់។ ករណីរក្សាទុកដោយខុសច្បាប់នូវគ្រឿងញៀន បង្រ្កាបបានចំនួន៧ករណី ឃាត់ខ្លួនមនុស្សបានចំនួន១០នាក់ប្រុស។
ករណីសម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន បង្រ្កាបបានចំនួន១១ករណី ឃាត់ខ្លួនមនុស្សចំនួន២៥នាក់ស្រី២នាក់។ អនុវត្តដីកា៥លើក ឃាត់ខ្លួនមនុស្សចំនួន៥នាក់។ ក្នុងរបាយការណ៍ដដែលបានបង្ហាញឲ្យដឹងទៀតថា ប្រតិបត្តការបង្រ្កាបទាំងចំនួន៦៨ ករណី នគរបាលបានចាប់រឹបអូសបានវត្ថុតាង រួមមាន គ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីន (Ice) បានចំនួន២៦៣កញ្ចប់តូច និងធំទំងន់៣៣១.៨៦ក្រាម មេតំហ្វេតាម៉ីន (WY) ចំនួន១៣គ្រាប់ រថយន្ត៥គ្រឿង ម៉ូតូ២៦គ្រឿង ទូរស័ព្ទ៥៩គ្រឿង ជញ្ជឹងសម្រាប់ថ្លឹងគ្រឿងញៀន៨ ដាវ និងកាំបិត១១ដើម ព្រមទាំងសម្ភារល្មើសមួយចំនួនទៀត៕