(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងអស់ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល នាឱកាសបុណ្យភ្ជុំបិណ្ឌនាខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងមុខងារសាធារណៈ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៤ខែសីហានេះ។
ជាមួយគ្នានេះ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ បានឲ្យដឹងទៀតថា ក្រសួងនឹងបោះពុម្ភតារាងទូទាត់បៀរត្សខែកញ្ញា ឆ្នាំ២០១៧ ដោយផ្អែកលើទិន្នន័យ ដែលមានក្នុងតារាងទូទាត់បៀវត្ស របស់មន្ត្រីរាជការប្រចាំខែសីហា ឆ្នាំ២០១៧ជាគោល និងធ្វើការរៀបចំទិន្នន័យផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល ក្នុងម្នាក់ ជូនដល់មន្ត្រីរាជការក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៧ ដោយស្វយ៍តប្រវត្តិទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
សូមជម្រាបថា ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់គ្រូបង្រៀន មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ភេទ ឲ្យកាន់តែប្រសើរជាងមុននោះ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលការណ៍ឧបត្ថម្ភប្រាក់២ដងក្នុងមួយឆ្នាំ ដោយឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បន្ថែមលើការដំឡើងប្រាក់បៀវត្សរ៍២ដងក្នុងមួយឆ្នាំផងដែរ។
ការដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ ចំនួន២ដងក្នុង១ឆ្នាំ ដោយលើកទី១ ដំឡើងនៅខែមករា តាមអត្រា១២% នៃមូលដ្ឋានប្រាក់បៀវត្សរ៍ និងលើកទី២ តម្លើងនៅខែមេសា មុនចូលឆ្នាំខ្មែរដែលជាការដំឡើងប្រាក់ បំណាច់មុខងារ។
ចាប់ពីខែមេសា ឆ្នាំ២០១៧មក មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បានទទួលប្រាក់បៀវត្សទាបបំផុត ៖
១៖ មន្ដ្រីរាជការស៊ីវិល វិស័យរដ្ឋបាល ការទូត បច្ចេកទេស ៨៥៣,៥០០រៀល។
២៖ មន្ដ្រីរាជការក្នុងវិស័យអប់រំ ៩៥៣,៥០០ រៀល។
៣៖ មន្ដ្រីរាជការក្នុងវិស័យសុខាភិបាល ៩៥៣,៥០០រៀល។
៤៖ នគរបាលជាតិ ៩៣៧,៧៣០រៀល។
៥៖ យោធិន ៨៨០,៧៣០រៀល។
៦៖ ចៅក្រម និងព្រះរាជអាជ្ញា ៣,០០០,០០០រៀល។
៧៖ ក្រុមប្រឹក្សារាជធានី ខេត្ត ៩៧០,០០០រៀល។
៨៖ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ៧៥០,០០០រៀល។
៩៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ៥៧០,០០០រៀល។
១០៖ ប្រធានភូមិ ២២៥,០០០ រៀល។
១១៖ អនុប្រធានភូមិ ១៨០,០០០រៀល។
១២៖ សមាជិកភូមិ ១៦០,០០០រៀល។
រាជរដ្ឋាភិបាល បានបញ្ជាក់យ៉ាងច្បាស់ថា នៅឆ្នាំ២០១៨ខាងមុខនេះ មន្ត្រីរាជការ គ្រូបង្រៀន និងកម្លាំងប្រដាប់អាវុធ នឹងទទួលបានប្រាក់បៀវត្សរ៍ទាបបំផុត លើសពី១លានរៀលឡើយ៕