(ភ្នំពេញ)៖ នាយឧត្តមសីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អញ្ជើញសំណេះ សំណាល និងនាំយកអំណោយមូលនិធិបញ្ជាការដ្ឋានអង្គរក្ស ចែកជូនបងប្អូនខ្មែរឥស្លាម ចំនួន២,៥០០គ្រួសារ នៅសង្កាត់ច្រាំងចំរេះ១ និងច្រាំងរេះ២ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក សុះ កំរី ចាងហ្វាងគណៈដឹកនាំ ជាន់ខ្ពស់សាសនាមូស្លីមកម្ពុជា និងលោក ចៅ តុល នាយករងខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងមន្ដ្រីមួយចំនួនទៀតផងដែរ។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ដល់បងប្អូនខ្មែរឥស្លាម ព្រោះថាកន្លងមកបងប្អូនខ្មែរឥស្លាម យ៉ាងច្រើនលើសលុប បានបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នេះក៏ដូចជា បានបោះឆ្នោតឲ្យខ្លួនឯងដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងជម្រុញការ អភិវឌ្ឍប្រទេសជាតិ ឲ្យឆាប់បានរីកចម្រើន ដូចប្រទេសអភិវឌ្ឍន៍លើពិភពលោក។
បើតាមនាយឧត្តមសេនីយ៍ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់នូវការលំបាក និងឧបសគ្គជាច្រើនក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និងប្រជាជនហើយបានរួមសុខទុក្ខ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយគណបក្សប្រជាជនកម្ពុជា សម្រេចបាននូវសមិទ្ធផលជាច្រើនជូនសង្គមជាតិ ជាស្ថាបនិកសន្តិភាព២៣តុលា ទីក្រុងបារីស ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍រីកចម្រើន ជឿនលឿនលើគ្រប់វិស័យ។
នាយឧត្តមសេនីយ៍ បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាស្នូលនៃការបង្រួបបង្រួមជាតិឯកភាពជាតិ ទប់ស្កាត់ការវិលត្រឡប់ របបប្រល័យពូជសាសន៍ ប៉ុល ពត ការពារជាតិបូរណៈភាពទឹកដី ការពារសុខសន្តិភាព ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ ហើយបានខិតខំស្ដារ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ ប្រឆាំងដាច់ខាតចំពោះជនណាមួយ ដែលមានបំណងបំផ្លាញសុខសន្តិភាព និងដំណើរការអភិវឌ្ឍរបស់ជាតិ ដូចសព្វថ្ងៃនេះ។
លោក ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាម នៅក្នុងសង្កាត់ច្រាំងចំរេះ១ និងច្រាំងចំរេះ២ ដែលបានផ្ដល់យុត្តិធម៌ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាប់ជាក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះ១ និង២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
អំណោយចែកជូនបងប្អូនខ្មែរឥស្លាមចំនួន២,៥០០គ្រួសារ រួមមាន អង្ករ សារ៉ុង ក្រម៉ា ត្រីខ និងថវិកា ព្រមទាំងបានឧបត្ថម្ភថវិការ ជូនសាលាខណ្ឌ សង្កាត់ និងកម្លាំងសមត្ថកិច្ច សរុបចំណាយសម្រាប់កម្មវិធីជាង១ម៉ឺនដុល្លា ព្រមទាំងបានឧបត្ថម្ភវិហារឥស្លាម៣ ស្មើថវិកា៣លានរៀលផងដែរ៕