(ព្រះសីហនុ)៖ កម្មករនេសាទមួយក្រុម បានជុំគ្នាផឹកស៊ីនៅលើទូក ពេលស្រវឹងបានឈ្លោះប្រកែកគ្នា រហូតឈានដល់ប្រើអំពើហិង្សាដាក់គ្នាបណ្តាលឲ្យកម្មកនេសាទម្នាក់ស្លាប់ ហើយរុញទំលាក់ក្នុងទឹកសមុទ្រ និងកម្មករ៣នាក់ទៀត ត្រូវនគរបាល ចាប់វៃខ្នោះ នៅចំណុចផែទំនប់រលកចាស់ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
លោកវរសេនីយ៍ទោ ភុល ភស្តា អធិការនគរបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងាថា នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩៖០០នាទី កម្មករនេសាទមួយក្រុម បានជុំគ្នាផឹកស៊ីនៅលើទូក ព្រោះមិនបានចេញទៅនេសាទ ពេលស្រវឹងបានឈ្លោះប្រកែកគ្នារហូតឈានដល់ប្រើអំពើហិង្សាកម្មករ៣នាក់ ព្រួតវាយបុរសម្នាក់រងរបួសធ្ងន់ដល់ស្លាប់ ហើយរុញទំលាក់ទឹកសមុទ្រ។
លោកអធិការក្រុង បានបញ្ជាក់ថា ក្រោយពេលទទួលបានដំណឹងនេះភ្លាម នគរបាលមូលដ្ឋាន និងកម្លាំងរៀបរយ អន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ហើយព័ទ្ធចាប់បានជនសង្ស័យចំនួន៣នាក់ នៅកន្លែងកើតហេតុតែម្តង
១៖ ឈ្មោះ ហម គា អាយុ២៥ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូក, ២៖ ឈ្មោះ អ៊ុន ឌែល អាយុ៤៨ឆ្នាំ មុខរបរកម្មករទូកនេសាទ ស្នាក់នៅតាមទូកនេសាទ, ៣៖ ឈ្មោះ កើត សង្ហា អាយុ៤២ឆ្នាំ មុខរបរកម្មករសេរី បច្ចុប្បន្នស្នាក់នៅភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
ពេលនោះសមត្ថកិច្ចបានចុះរាវរក ជនរងគ្រោះក្នុងទឹកតែជនរងគ្រោះបានស្លាប់ទៅហើយ ឈ្មោះ សំ អាន អាយុ២៨ឆ្នាំ មុខរបរកម្មករ ទូកនេសាទ បច្ចុប្បន្ននៅភូមិ-ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មូលហេតុ ផឹកស្រាទាស់ពាក្យសំដីគ្នា ឈានដល់កើតអំពើ ហិង្សាតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿងបញ្ជូន តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕