(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ ទៅលើសុវត្ថិភាពចំណីអាហារ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះសាខាកាំកុងត្រូល កំពង់ធំ និងមន្រ្តីមន្ទីរពិសោធន៍ អមដោយរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញ នៅផ្សារកំពង់ធំ ស្ថិតក្នុងឃុំកំពង់ធំ ក្រុងស្ទឹងសែន និងយកគំរូមួយចំនួន៤៧គំរូ ដូចជា៖ បន្លែស្រស់ គ្រឿងសមុទ្រស្រស់ ផ្សិត និងផ្លែឈើមួយចំនួនទៀត សរុប៤៧គំរូ មកពិសោធន៍។

ក្នុងប្រតិបត្តិការនេះមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានធ្វើការណែនាំក្រុមអាជីវករ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ ដែលមានផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផល ភេសជ្ជៈត្រូវកំដៅថ្ងៃ  និងការដាក់លក់ផលិតផល ហួសកាលបរិច្ឆេទជាដើម។

មន្រ្តីកាំកុងត្រូលក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តិការចុះពិនិត្យទំនិញទាំង៤៧គំរូនោះ គ្មានសារធាតិគីមីហាមឃាត់នោះទេ ប៉ុន្តែមន្ត្រី កាំកុងត្រូលបានធ្វើការពិសោធន៍ រកឃើញ ស្លឹកគូឆាយ និងផ្កាគូឆាយ ចំនួន៧គីឡូក្រាម មានសំណល់ ជាតិ ថ្នាំកសិកម្ម សម្លាប់សត្វល្អិត និងស្ពៃជ្រក់ ចំនួន២គីឡូក្រាម មានសារធាតុអាស៊ីតច្រើន។

មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់ សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់។

គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋក៏ដូចជាអាជីវករផ្សារបានសម្តែងនៅ ទឹកចិត្តរីករាយនឹងគាំទ្រចំពោះ សកម្មភាពរបស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញផ្សេងៗតាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាត ដើម្បីរកសារធាតុគីមីនិងការពារ សុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ ៕