(កំពង់ឆ្នាំង)៖ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧នេះ ជួបសំណេះសំណាលជាមួយ សិស្សនាយនគរបាល និងនាយនគរបាលរង កំពុងសិក្សាកម្រិតបឋមវិជ្ជាជីវៈ ចំនួន២២៦នាក់ នារីចំនួន៦០នាក់ នៅសាលានគរបាលជាតិភូមិភាគ៦ ស្ថិតនៅខេត្តកំពង់ឆ្នាំង។
លោកឧត្តមសេនីយ៍ឯក បានថ្លែងថា ការចុះសំណេះសំណាលនាពេលនេះ ដើម្បីពិនិត្យលើដំណើរការបណ្ដុះបណ្ដាល ប្រៀបធៀបជាមួយកម្មវិធី បណ្ដុះបណ្ដាល និងផែនការគ្រប់គ្រងវគ្គ ស្វែងយល់ពីសុខទុក្ខ ទទួលសំណូមពរ និងលើកទឹកចិត្តមន្ត្រីនគរបាល ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពីវិជ្ជាជីវៈ នគរបាលកម្រិតបឋមមានចំណេះដឹង មានការយល់ដឹកអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង មានស្មារតីទទួលខុសត្រូវលើការងារ គោរប្រតិបត្តិច្បាប់ គោរពវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស មុននឹងត្រូវបានតាំងស៊ប់ ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលកម្ពុជា។
លោក ឯក មនោសែន បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺបណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញជាផែនការយុទ្ធសាស្ត្រ ក្នុងរយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងកម្មវិធីកំណែទម្រង់ លើការងារសំខាន់ៗ រួមមាន៖ ការងារដឹកនាំ-គ្រប់គ្រង, ការអភិវឌ្ឍកម្មវិធីអប់រំ, ការអភិវឌ្ឍ សមត្ថភាពគ្រូបង្រៀន, ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង, ការអភិវឌ្ឍធនធានមនុស្ស, ការបង្កើតឲ្យមានយន្ដការធានាគុណភាពអប់រំផ្ទៃក្នុង ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ឯក មនោសែន ក៏បានផ្តល់អនុសាសន៍៥ចំណុច ដល់សិស្សនាយនគរបាល នាយនគរបាលរងគ្រប់រូបរួមមាន៖
១៖យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយស័្វយប្រវត្ថិសិក្សា និងទ្រីស្តី និងការអនុវត្តជាក់ស្តែង
២៖មានវត្តមានគ្រប់ពេលសិក្សា និងពេលប្រជុំជួរ និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា
៣៖ត្រូវគោរពឲ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិដែលបានចែងក្នុងបទបញ្ជាផ្ទៃក្នុង
៤៖ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនចេះ មិនមែនរៀនចប់» គុណភាពមិនអាចសម្របសម្រូលបានឡើយ
៥៖ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្រ្តីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ និងការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តលើខ្លួន។
ជាមួយគ្នានេះ លោក បានក្រើនរំលឹកដល់សិស្សនាយនគរបាល នាយនគរបាលរង និងសិក្ខាកាមទាំងអស់ នៅពេលត្រឡប់ ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបទការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អមានការទទួល ខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឲ្យថ្នាក់ដឹកនាំផ្ដល់ជំនឿទុកចិត្តមកលើខ្លួន៕